សិល្បៈជាតិ៖ លោកស្រី អុន សុភឿន ហៅអ្នកនាង គ្រតជាកំពូលតារាកំប្លែងជើងចាស់នៅក្នុងប្រទេសកម្ពុជា មានកិត្តិយសឡើងទទួលពានរង្វាន់តួសម្ដែងរងឆ្នើម ឬ Asian Most Popular Supporting Actress ពីមហោស្រពភាពយន្តកម្ពុជា-អាស៊ីលើកទី២ឆ្នាំ ២០២៤នេះ ដែលបានធ្វើឡើងកាលថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៤។

មហោស្រពភាពយន្តកម្ពុជា-អាស៊ីលើកទី២បានប្រគល់ពានរង្វាន់មានកិត្តិយសនេះជូនអ្នកនាង គ្រត ដោយសារតែអ្នកនាងបានចូលរួមសម្ដែងនៅក្នុងភាពយន្ត «លោកគ្រូប្រពន្ធល្អ» ដែលជាភាពយន្តបែបកំប្លែងនិងអប់រំដឹកនាំសម្ដែងដោយលោក ឆាយ បូរ៉ា ហើយភាពយន្តនេះក៏ទទួលបានការគាំទ្រខ្លាំងពីការបញ្ចាំងនៅក្នុងស្រុក និងចេញទៅបញ្ចាំងនៅរោងភាពយន្តអន្តរជាតិ ជាពិសេសរោងភាពយន្តតាមប្រទេសក្នុងតំបន់អាស៊ី។
នៅក្នុងភាពយន្តរឿង « លោកគ្រូប្រពន្ធល្អ » គឺមានការចូលរួមសម្តែងដោយតារាល្បីៗជាច្រើនរួបដូចជា លោក ព្រហ្ម ម៉ាញ អ្នកនាង គ្រត លោក ទេព រិនដារ៉ូ លោក ទ្រី ដារ៉ាវុទ្ធ កញ្ញា ឃីញ វិច្ឆិកា និងតារាផ្សេងៗជាច្រើនរូបទៀត ក្នុងនោះអ្នកនាង គ្រត គឺជាតួរងសំខាន់មួយដែលធ្វើឱ្យសាច់រឿងទាំងមូលប្រកបដោយឈុតឆាកល្អមើល ហើយផ្ទុះសំណើច។


ភាពយន្ត « លោកគ្រូប្រពន្ធល្អ » ត្រូវបានផលិតឡើងដោយសហផលិតកម្មរវាងផលិតកម្មដើមត្នោតរបស់លោក ឆាយ បូរ៉ា និងផលិតកម្មកងចក្រនៅឆ្នាំ ២០២០ ប៉ុន្តែដោយសារតែប្រទេសកម្ពុជាជួបវិបត្តិបញ្ហាជំងឺកូវីដេ ១៩ ទើបភាពយន្តនេះបានអូសបន្លាយពេលវេលាដល់ឆ្នាំ ២០២២ ទើបបានចាក់បញ្ចាំងជាផ្លូវការ។
ភាពយន្តមួយនេះដែរ បានរំលេចគុណតម្លៃគ្រូបង្រៀននៅក្នុងកម្រិតវិទ្យាល័យ ពិសេសមុខវិទ្យាអក្សរសាស្រ្តខ្មែរ ដែលក្នុងសាច់រឿងទាំងមូលបង្ហាញឱ្យឃើញពីឆន្ទៈ តស៊ូបង្រៀនរបស់លោកគ្រូ អ្នកគ្រូ ទោះបីជាគ្រូមិនមានជីវភាពធូរធារខ្លាំង បើធៀបនឹងអាជីពផ្សេងក្តី តែលោកគ្រូអ្នកគ្រូនៅតែប្រឹងញញឹម និងតែងផ្តល់ចំណេះដឹងដល់សិស្សទាំងឡាយ។
យ៉ាងណាមិញ សម្រាប់មហោស្រពភាពយន្តកម្ពុជា-អាស៊ីលើកទី២ឆ្នាំ ២០២៤ ក្រៅពីបានជ្រើសរើសតារាសម្ដែងជើងចាស់អ្នកនាង គ្រត ឱ្យទទួលពានតួសម្ដែងរងឆ្នើមហើយនោះ ក៏នៅមានតារាសម្ដែងឯកស្រីជើងចាស់មួយរូបទៀតដែលបានទទួលពានរង្វាន់តួសម្ដែងស្រីឆ្នើម គឺបានទៅលើអ្នកស្រី ឌី សារ៉េត តាមរយៈភាពយន្តរឿង «ពេលម៉ែចាស់ទៅ» ៕

