ភ្នំពេញ ៖ ម៉ូតូហុងដាឌ្រីមមួយគ្រឿងជិះបោះពួយល្បឿនលឿនជ្រុលទៅបុកពីក្រោយរថយន្តដឹកហ្គាសកំពុងឈប់ស្តុប បណ្តាលឱ្យរងរបួសធ្ងន់ បែកមុខ បាក់ជើងឆ្វេង កាលពីវេលាម៉ោង១រំលងអធ្រាត្រ ចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ចំណុចភ្លើងស្តុប កែងផ្លូវកប់ស្រូវ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ជុន ជាតិ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល មានស្រុកកំណើតភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1K-7945 ធ្វើដំណើរពីកើតទៅលិច ល្បឿនលឿន ដល់ចំណុចកើតហេតុជ្រុលបុកពីក្រោយ រថយន្តដឹកហ្គាសរបស់ក្រុមហ៊ុនតេលា ម៉ាកហុីណូ ពណ៌ស ពាក់ស្លាកលេខ ក្រចេះ 3A-0388 កំពុងឈប់ស្តុបពីកើតទៅលិច បណ្តាលឱ្យរងរបួសធ្ងន់ បែកមុខ បាក់ជើងឆ្វេង អ្នកបើកបររថយន្តគេចខ្លួនបាត់។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ចំណែករថយន្តនិងម៉ូតូ ត្រូវបានប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ វាស់វែងយកទៅរក្សាទុក រង់ចាំដោះស្រាយពេលក្រោយ៕

អត្ថបទ៖តាតុងសែនជ័យ

Share.