កណ្តាល ៖ បុរស២នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូហុងដាឌ្រីម ជិះរវល់តែងាក មើលមុខមិនទាន់ ជ្រុលបុកកង់ពីក្រោយ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ២ ភូមិពងចាន ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ភាគីខាងម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1H-4226 បើកបរដោយឈ្មោះ សែម វិចទ័រ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាមន្ត្រីនគរបាល មានទីលំនៅផ្ទះលេខ៣៥អេស ផ្លូវលេខ៥១ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ចំណែកភាគីខាងជិះកង់ លោកតាចំណាស់ម្នាក់ មិនស្គាល់អត្តសញ្ញាណ សភាពរបួសសន្លប់វង្វេងបាត់ស្មារតី ។
តាមសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ ភាគីខាងម៉ូតូជិះពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ជ្រុលបុកលោកតាកំពុងជិះកង់ពីក្រោយ បណ្តាលឱ្យរងរបួសធ្ងន់សងខាង ។

ក្រោយកើតហេតុជនរងរបួសទាំង២នាក់ ត្រូវបានរថយន្តសង្គ្រោះប្រតិបត្តិស្រុកដឹកយកទៅ ចំណែកមធ្យោបាយទាំង២គ្រឿង ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋានស្រុក រង់ចាំដោះស្រាយពេលក្រោយ ៕
អត្ថបទ៖ តាតុងសែនជ័យ

