កីឡាករគុនខ្មែរ ចាន់ ប៊ុនហឿន និងកីឡាករ ហាប់ ខា កំពុងរត់ហាត់តាមចិញ្ចើមផ្លូវ ត្រូវបានស្ត្រីម្នាក់បើករថយន្តជ្រុលបុកពីក្រោយ បណ្តាលឱ្យរងរបួស ហើយត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ នៅក្បែរសណ្ឋាគារសុខា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងកើតហេតុ បានឱ្យដឹងថា កីឡាករទាំង២រូប គឺកំពុងរត់ហ្វឹកហាត់ តាមចិញ្ចើមផ្លូវ ស្រាប់តែមានរថយន្តមួយគ្រឿង បើកបរដោយស្ត្រីម្នាក់ បុកពីក្រោយ បណ្តាលឱ្យរងរបួសទាំង២នាក់ តែកីឡាករ ចាន់ ប៊ុនហឿន របួសធ្ងន់ជាងគេ បាក់ដងកាំបិត បែកក្បាល ហើយត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ហើយស្ត្រីជាអ្នកបើកបររថយន្ត ក៏ទៅមន្ទីរពេទ្យជាមួយដែរ និងបានសម្របសម្រួលដោះស្រាយជាមួយកីឡាករ ដែលបានរងរបួសនោះ ។

កីឡាករទាំង២នាក់ ក្រោយពីចូលសម្រាកព្យាបាលរួចមក នៅរសៀលថ្ងៃដដែល បានចេញវិលត្រឡប់ទៅក្លិបវិញហើយ ក៏ប៉ុន្តែត្រូវបានគ្រូពេទ្យណែនាំ ផ្អាកសកម្មភាពហ្វឹកហាត់ចំនួន៣ខែសិន៕

Share.