នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ២០២៤ ចៅ​ក្រម​ស៊ើបសួរ នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំ​ខ្លួន​ស្ត្រី​ម្នាក់ ដែល​មាន​ឈ្មោះ​លើ Facebook ថា Yubee Ly (យូប៊ី លី) ក្នុង​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន ពាក់ព័ន្ធ​នឹង​បទល្មើស «​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​» ​។ ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា មាន​បទល្មើស ជន​ជាប់​ចោទ នឹង​ប្រឈម​ជាប់​ពន្ធនាគារ​ពី​៦ ខែ​ទៅ​២​ឆ្នាំ​។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​បញ្ជាក់​អំពី​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់​លើ​ស្ត្រី​ម្នាក់ ដែល​បាន​ប្រើប្រាស់​គណនី Facebook ឈ្មោះ Yubee Ly ដែល​បង្ហោះ​វីដេអូ បង្ហាញ​ពី​សកម្មភាព​ប្រើប្រាស់​អាវុធ ដោយ​ខុស​ច្បាប់​ភ្ជាប់​ជា​មួយ​ខ្លឹមសារ «​អូន​កាច​ចឹង​ធ្វើ​ប្រពន្ធ​បង​បាន​នៅ​»​។

ក្រោយ​ឃើញ​ការ​បង្ហោះ​បែប​នេះ កម្លាំង​នគរបាល នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ធ្វើ​ការ​ស្រាវជ្រាវ​ជា​បន្ទាន់ ដោយ​មាន​ការ​សម្រប​សម្រួល​ពី​តំណាង​អយ្យកា​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ រហូត​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ នៅ​ប្រមាណ​ជា​មួយ​ម៉ោង​ក្រោយ​ការ​បង្ហោះ​វីដេអូ​បាញ់​បោះ​។

នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​បញ្ជាក់​ថា ស្ត្រី​ដែល​ជា​ជន​សង្ស័យ ក្នុង​ករណី​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​មាន​ឈ្មោះ ម៉េង លីហ័រ អាយុ​២៤ ឆ្នាំ ត្រូវ​បាន​ឃាត់​ខ្លួន និង​បញ្ជូន​ទៅ​ធ្វើ​ការ​សួរ​នាំ​ទាំង​យប់ ថ្ងៃ​ទី ២០ ខែ​សីហា ឆ្នាំ២០២៤ នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​។ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​បន្ត​ធ្វើ​ការ​សួរ​នាំ​ស្ត្រី​ខាង​លើ ដើម្បី​ចាត់​ការ​បន្ត​តាម​នីតិវិធី​។

ផ្អែក​តាម​ការ​សាកសួរ​ជំហាន​ដំបូង​ស្ត្រី​ឈ្មោះ ម៉េង លីហ័រ បាន​សារភាព​ថា វីដេអូ​បាញ់​ឡើង​លើ​មួយ​គ្រាប់​នេះ ជា​សកម្មភាព​តាំង​ពី​ឆ្នាំ ២០២២ មក​ម្ល៉េះ ប៉ុន្តែ​រូបគេ​ទើប​យក​មក​បង្ហោះ​ឡើង​វិញ នៅ​ក្នុង​គណនី​ក្លែងក្លាយ ដែល​ប្រើ​ប្រាស់​ឈ្មោះ Yubee Ly ។

ក្រោយ​ពី​ធ្វើ​ការ​សាកសួរ​លើ​ជនសង្ស័យ ដំណាង​អយ្យកា​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចោទ​ប្រកាន់​ជន​សង្ស័យ​ឈ្មោះ ម៉េង លីហ័រ ពី​បទ ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត និង​បញ្ជូន​ខ្លួន​ទៅ​តុលាការ ដើម្បី​បន្ត​នីតិវិធី​។

យោង​តាម​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អាវុធ គ្រឿងផ្ទុះ និង​គ្រាប់​រំសេវ មាត្រា​២០ ការ​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦ ខែ ទៅ​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៥០ម៉ឺន ទៅ​២​លានរៀល ដោយ​មិន​ទាន់​គិត​ពី​បទល្មើស​ព្រហ្មទណ្ឌ​ផ្សេង​ទៀត​៕

អត្ថបទ៖ ចតុមុខ

Share.