ឧកញ៉ា ព្រាប សុវត្ថិ និង​លោក​ជំទាវ បាន​ចូលរួម​ថវិការួចហើយ​ជាមួយ​នឹង​រាជរដ្ឋាភិបាល​កម្ពុជា ចំនួន​២០០លាន​រៀល​ នៅ​ក្នុង​មូលនិធិ​កសាងហេដ្ឋារចនាសម្ព័ន្ធ តាមបណ្ដោយព្រំដែន​ បន្ទាប់​ពី​សេចក្តីថ្លែងការណ៍ពិសេស ស្តីពីសមិទ្ធផល ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ផ្លូវនៅតាមព្រំដែនជាអាទិភាពរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញការអភិវឌ្ឍនៅតាមព្រំដែន ដូច្នេះ​​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចផ្ដួចផ្ដើមបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ តាមបណ្ដោយព្រំដែន ដើម្បីការពារបូរណភាពទឹកដី របស់កម្ពុជា នេះ​ឡើយ​។

ក្នុង​នាម​ជា​កូន​ខ្មែរ​ស្នេហាជាតិមួយ​រូប និង​ជា​​ពលរដ្ឋ​ដែល​ចូលរួម​គ្រប់​សកម្មភាព​ ជួយ​ដល់​សង្គម​ ឧកញ៉ា ព្រាប សុវត្ថិ និង​លោកជំទាវជា​ឧត្តមភរិយា បាន​បង្ហាញ​ឱ្យ​ឃើញ​យ៉ាងជាក់ច្បាស់​ថា​ក្រុម​គ្រួសារ​​របស់​លោក​ឧកញ៉ា ​មិន​ស្ទាក់ស្ទើរ​ និង​រុញរាឡើយ​នៅ​ក្នុង​ការ​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​ ដើម្បី​ជា​ដើម​ទុន​មួយ​​ផ្នែក​នៅ​ក្នុង​ការ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​តាម​បណ្ដោយព្រំដែន​កម្ពុជា​។

ខាង​ក្រោម​នេះ​គឺជា​ការ​រៀបរាប់​របស់​ឧកញ៉ា ព្រាប សុវត្ថិ នៅលើ​បណ្ដាញ​សង្គម​៖ ខ្ញុំបាទ​សូមគោរព​ និង​ គាំទ្រសេចក្ដីប្រកាស​​របស់​សម្ដេច​មហាបវរធិបតី​ហ៊ុន​ម៉ាណែតដែល​បាន​បង្កេីតនូវ​មូល​និធិកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​តាម​បណ្ដោយ​ព្រំដែន​ព្រម​ទាំង​ផ្ដល់ឱកាសអោយ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់មជ្ឈដ្ឋាន​ក្នង​និង​ ក្រៅ​ប្រទេសបានចូលរួមចំណែកផ្ទាល់​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​បុព្វហេតុ​រួមគ្នាកសាងជាតិ​មាតុភូមិ​​របស់យេីង​។ ជាពេលវេលាល្អ​បំផុត​ដែលប្រជាជនខ្មែរ​ទាំងអស់​បាន​បង្ហាញ​អោយឃេីញនូវកំលាំងមហាសាមគ្គី​ជាតិខ្មែរ​គ្រប់​ទិសទី​រួមគ្នា​កសាង​ ការពារ​ អភិវឌ្ឍន៍​តាមតំបន់​ព្រំដែន​អោយមាន​សុខ​សន្តិភាព​ អធិបតេយ្យភាព​ និង​ បូរណភាព​ទឹកដីអោយបានរឹងមាំ​គង់វង្ស​រហូត​គ្រប់ជំនាន់​ ។ ក្នុងនាមខ្ញុំបាទប្រជាពលរដ្ឋមួយរូបសូមគាំទ្រ និងបរិច្ចាគធនធានផ្ទាល់ខ្លួនចំនួន 200​លាន​រៀល​។​ ​ដើម្បី​បង្ហាញ​ពី​ស្មារតី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍន៍​ ​ហេដ្ឋារចនា​សម្ព័ន្ធ​តាម​តំបន់​ព្រំដែន​។
​ខ្ញុំ​បាទ​សូម​អំពាវ​នាវ​ពុកម៉ែ​បងប្អូ​នចូលរួម​ឱ្យ​បាន​គ្រប់​គ្នា​ ​1000​រៀល​ ​2000​រៀល​ក្តី​ ​គឺ​​បង្ហាញ​ពី​ទឹក​ចិត្ត​បេះដូង​ ​និង​ ឆន្ទៈ​ ​នៃ​ការ​ស្រឡាញ់ ​និង​ ​ប្តេជ្ញា​ចូលរួម​ ​ការពារ​ទឹ​ក​ដី​ ​របស់​យើង​ទាំង​អស់​គ្នា​។​

សូមជម្រាបជូន​ថា​ នេះ​មិន​មែន​ជា​លើក​ដំបូង ​ ដែល​លោក​ឧកញ៉ា ព្រាប សុវត្ថិ លោក​ជំទាវ ព្រម​ទាំង​​កូន​ៗ របស់​លោក​ បានចូលរួម​គ្រប់​សកម្មភាព​ជួយ​ដល់​សង្គម ដែលនេះ​បាន​សបង្ហាញ​ឱ្យ​ឃើញ​ពី​ស្មារតី​ជួយ​ជាតិ​ស្នេហាជាតិ ក្នុង​នាម​ជាកុលបុត្រខ្មែរ​មួយរូប​ គួរ​យកជា​គំរូតាម៕

Share.