កណ្តាល៖ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យ៣នាក់បន្ទាប់ពីបង្កហិង្សា បណ្តាលឱ្យរងរបួស៣នាក់ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ នៅចំណុចដីស្រែ ស្ថិតនៅភូមិទួលស្លែង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។
ជនសង្ស័យមានគ្នាចំនួន ០៣នាក់ ទី១.ឈ្មោះ ស៊ ស៊ីន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិទួលស្លែង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។ ២.ឈ្មោះ ស៊ សាមុត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិទួលស្លែង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។ ៣.ឈ្មោះ រីន សារាជ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិទួលស្លែង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។ ក្នុងនោះកម្លាំងសម្ថកិច្ចដកហូតវត្ថុតាងមានដូចជា ចបជីក ០១ដើម, ដំបងមែកឈើចំនួន ០២ដើម ។

តាមសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ជនរងគ្រោះទាំង០៣នាក់បាននាំគា្នចេញពីផ្ទះ ដើម្បីទៅវ៉ៃកណ្តុរនៅតាមដីស្រែដែលមានម៉ាស៊ីនកំពុងតែច្រូតកាត់ នៅចំណុចភូមិទួលស្លែង ឃុំលើកដែក ស្រុកកោះធំ ដែលមានមនុស្សជាច្រើន អ្នកកំពុងតែនាំគ្នាវ៉ៃសត្វកណ្តុរ នៅពេលនោះជនរងគ្រោះម្នាក់បានឃើញជនសង្ស័យ ម្នាក់ដៃមានកាន់ដំបងឈើធំ ក៏បាននិយាយប្រាប់ថា ឯងវ៉ៃត្រូវអញ់ឥឡូវហើយ ប្រយ័ត្នអញ់វាយតបទៅវិញ នៅពេលនោះជនសង្ស័យមិនបាននិយាយតបតវិញនោះទេ តែបងប្រុសរបស់ជនសង្ស័យ ជាអ្នកនិយាយតបទៅវិញថា បើវាយត្រូវគឺវាយបន្ថែមទៀតហើយ ដែលជាហេតុធ្វើឱ្យមានការឈ្លោះប្រកែកពាក្យសំដីគ្នាទៅវិញទៅមក។
ខណៈនោះ ជនសង្ស័យទាំង០៣នាក់ បាននាំគ្នាមកព្រួតគ្នាវាយទៅលើជនរងគ្រោះម្នាក់ ឃើញដូចនោះជនរងគ្រោះពីនាក់ប្តីប្រពន្ធ ក៏បាននាំគ្នាចូលទៅជួយចាប់ឃាត់ ក៏ត្រូវជនសង្ស័យម្នាក់វាយបណ្តាលឱ្យ រងរបួសចំលើចិញ្ចើមខាងស្តាំបែកហូរឈាម (ដេរ៧ថ្នេរ) និងប្រពន្ធរងរបួសចំលើថ្ពាល់ខាងស្តាំហើមជាំខ្មៅ។ ក្រោយពេលឃើញជនសង្ស័យទាំង០៣នាក់ បានព្រួតគ្នាវាយលើជនរងគ្រោះបណ្តាលឱ្យមានរបួសស្នាមដូចនេះ ទើប បងប្អូនប្រជាពលរដ្ឋ ដែលបានទៅចូលរួមវ៉ៃកណ្តុរជាមួយគ្នា បាននាំគ្នាចូលទៅចាប់ឃាត់បំបែកចេញទៅរៀងៗខ្លួន។

ជនរងគ្រោះទាំង៣នាក់ ទី១.ឈ្មោះ ង្វៀង យ៉ាំងថាន់ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករ មានទីលំនៅភូមិអន្លង់ស្លាត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។ បានរងរបួសចំលើចិញ្ចើមខាងស្តាំដេរចំនួន០៧ថ្នេរ។ ២.ឈ្មោះ ណុប សាញ់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិអន្លង់ស្លាត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល រងរបួសដៃឆ្វេង។ ៣.ឈ្មោះ គី ភារម្យ ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិអន្លង់ស្លាត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។

ក្រោយកើតហេតុ ជនរងគ្រោះបានទៅ ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលលើកដែក ដើម្បីឱ្យសមត្ថកិច្ចនគរបាលជួយអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់ខាងលើ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង០៣នាក់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើព្រួតគ្នាវាយទៅលើជនរងគ្រោះទាំង០៣នាក់ បណ្តាលឱ្យរងរបួសពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលស្រុកកោះធំ ដើម្បីរៀបចំកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ៖ កណ្តាល

