ម៉ានីល៖ ក្រសួងសុខាភិបាលរបស់ប្រទេសហ្វីលីពីន បាននិយាយនាថ្ងៃចន្ទ សប្ដាហ៍នេះថា ប្រទេសហ្វីលីពីន បានបញ្ជាក់ពីការឆ្លងមេរោគ mpox ចំនួន ២ករណីបន្ថែមទៀតនៃប្រភេទ Clade 2 ស្រាលជាងប្រភេទ Clade 1b ដែលនាំឱ្យចំនួនករណីអ្នកកើតជំងឺអុតស្វា ឬ Mpox កើនឡើងដល់ ៣ករណី។ នេះបើយោងតាមកចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០២៤។

រដ្ឋមន្ត្រីសុខាភិបាលលោក Teodoro Herbosa បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងបន្តរកឃើញការឆ្លងជំងឺអុតស្វាប្រទេស clade 2 ក្នុងស្រុក ជាពិសេសនៅទីក្រុង Metro Manila»។

ករណីឆ្លងជំងឺ Mpox ដែលត្រូវបានបញ្ជាក់ថ្មីៗ នេះ គឺ បុរសអាយុ ៣៧ឆ្នាំម្នាក់ នៅក្នុងទីក្រុង Metro Manila ដែលមានអាការៈចេញកន្ទួលដុំពកលើរាងកាយរបស់គាត់កាលពីសប្ដាហ៍មុន ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមួយកន្លែង។

គួររំលឹកថា ប្រទេសហ្វីលីពីន បានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួនបានរកឃើញករណីនៃជំងឺ mpox ដែលមានលក្ខណៈស្រាលជាង ប្រភេទ Clade 1b នៅក្នុងខ្លួនបុរសអាយុ ៣៣ឆ្នាំម្នាក់ ដែលមិនមានប្រវត្តិធ្វើដំណើរទៅក្រៅប្រទេសហ្វីលីពីន សោះ ចំណែកកន្លងទៅហ្វីលីពីនរកឃើញមានអ្នកកើតជំងឺ mpox អាយុ ៣២ឆ្នាំម្នាក់ផងដែរ។

សូមជម្រាបថា អង្គការសុខភាពពិភពលោក កាលពីដើមខែនេះ បានប្រកាសថា ជំងឺ mpox ជាជំងឺគួរឱ្យព្រួយបារម្ភ និងចាត់ទុកជាគ្រាអាសន្នសុខភាពសាធារណៈសកលខ្ពស់បំផុតជាលើកទី២ ក្នុងរយៈពេល ២ឆ្នាំនៃការផ្ទុះឡើងនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បន្ទាប់មកសាយភាពដល់ប្រទេសក្បែរខាង៕

