សិល្បៈជាតិ៖ ដូចបានឃើញកន្លងមកនេះ កញ្ញា កុយ អេនណា លំដាប់រងទី ១ Miss Grand Cambodia ឆ្នាំ ២០២៣ បានបង្ហាញសកម្មភាពថតប្រម៉ូដផ្សព្វផ្សាយពីតំបន់ទេសចរណ៍ជាច្រើនទីតាំងសំខាន់នៅក្នុងប្រទេស កម្ពុជា ដោយកើតចេញពីឆន្ទៈខ្ពស់ក្នុងនាមជាបវរកញ្ញាម្នាក់ដែលមានទាំងហ្វេនជាតិ និងអន្តរជាតិ។ ថ្មីៗនេះ កញ្ញា កុយ អេនណា បានទទួលតំណែងថ្មីមួយទៀត រហូតធ្វើឱ្យគាំទ្រភ្ញាក់ផ្អើល និងលើកសរសើរពីស្នាដៃនៃការខិតខំប្រឹងប្រែង។


កញ្ញា កុយ អេនណា បានបង្ហោះនៅលើគណនីបណ្ដាញសង្គមហ្វេសប៊ុកផេកផ្ទាល់ខ្លួនឱ្យដឹងថា កញ្ញាទើបតែត្រូវបានក្រុមហ៊ុនដឹកជញ្ជូនមួយផ្ដល់កិត្តិយសជ្រើសយករូបកញ្ញាធ្វើជាទូតសុច្ឆនៈ នោះគឺ Vireak Buntham Express Travel & Logistic ដែលតំណែងមួយនេះគឺជាលើកដំបូង និងមិនធ្លាប់មានកាលពីកន្លងមក។
កញ្ញា កុន អេនណា លើកឡើងថា ដោយមើលឃើញពីចក្ខុវិស័យរឹងមាំក្នុងវិស័យដឹកជញ្ជូន និងមានមហិច្ឆតាខ្ពស់ក្នុងការលើកស្ទួយផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងស្រុក ទើប អេនណា មិនបណ្ដោយឱ្យឱកាសមាសនេះរបូតពីដៃ។ ការងារថ្មីនេះ អេនណា រំពឹងថា នឹងក្លាយជាបេសកកម្មថ្មីមួយទៀតដែលបានផ្សាភ្ជាប់ទំនាក់ទំនងរវាងមនុស្ស អាជីវកម្ម និងសហគមន៍ទេសចរណ៍ ដើម្បីបង្កើតអនាគតដ៏ល្អប្រសើរ និងសម្រេចបានជោគជ័យ តាមរយៈការដឹកជញ្ជូន និងការធ្វើដំណើរទាំងក្នុងស្រុក និងអន្តរជាតិ។


លំដាប់រងទី ១ Miss Grand Cambodia ឆ្នាំ ២០២៣ រូបនេះបានប្តេជ្ញាចិត្តថា កញ្ញានឹងប្រើប្រាស់មុខតំណែងមួយនេះ ដើម្បីលើកស្ទួយតំបន់ទេសចរណ៍ក្នុងប្រទេស ព្រមទាំងការចូលរួមលើកកម្ពស់វិស័យដឹកជញ្ជូន និងសេវាកម្មក្នុងប្រទេស និងក្រៅប្រទេសជាដើម។
សូមជម្រាបបន្ថែម ក្រៅពីពញ្ញាក់អារម្មណ៍អ្នកគាំទ្រតាមរយៈដំណឹងដូចបានជម្រាបជូនខាងលើហើយនោះ កញ្ញា កុយ អេនណា នៅមានស្នាដៃថ្មីមួយទៀតត្រៀមបង្ហាញអ្នកគាំទ្រខ្លួន តាមរយៈការចូលរួមសម្ដែងជាមួយតារាចម្រៀង Step ក្នុងផលិតកម្ម GenMusic ដែលធានាថា អ្នកគាំទ្រមិនធ្លាប់បានឃើញការសម្ដែងនេះពីមុនមកឡើយ នឹងបញ្ចេញជាផ្លូវការនៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៤៕

