ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Pep Muñoz បន្តរកបានជ័យជម្នះនៅលីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៤-២៥ ក្រោយយកឈ្នះគិរីវង់សុខសែនជ័យ ក្នុងលទ្ធផល ៦-១ នៅយប់ថ្ងៃទី២៦ ខែសីហា។

លទ្ធផលប្រកួតសប្ដាហ៍ទី៣៖
- ព្រះខ័នរាជស្វាយរៀង ៦-១ គិរីវង់សុខសែនជ័យ នៅកីឡដ្ឋានខេត្តស្វាយរៀង
- ក្រសួងមហាផ្ទៃ ៣-៤ អាយអេសអាយ ដង្កោសែនជ័យ នៅកីឡដ្ឋាន AIA KMH Park
- វិសាខា ៣-១ ឡាយហ្វ ខេត្តព្រះសីហនុ នៅកីឡដ្ឋាន ព្រីនស៍
- ភ្នំពេញក្រោន ២-១ បឹងកេត នៅកីឡដ្ឋាន Smart RSN
- Tiffy Army ១-២ អង្គរថាយហ្គឺរ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។

ចំពោះសមាជិកនៅលីគកំពូលកម្ពុជា CPL មាន១១ក្រុមចូលរួមដូចជា៖ ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, វិសាខា, បឹងកេត, Tiffy Army FC, អាយអេសអាយ ដង្កោសែនជ័យ, ណាហ្គាវើលដ៍, គិរីវង់សុខសែនជ័យ, អង្គរថាយហ្គឹរ, ឡាយហ្វ ខេត្តព្រះសីហនុ និងក្រសួងមហាផ្ទៃ។ ចាប់ផ្តើមពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ដល់ខែឧសភា ឆ្នាំ២០២៥។
សម្រាប់កូតាកីឡាបរទេសវិញ គឺក្រុមទាំងអស់នៅលីគកំពូលកម្ពុជា គឺអនុញ្ញាតឱ្យដាក់កីឡាករបរទេសចូលក្នុងទីលានចំនួន ៥នាក់ដោយក្នុងនោះក្លិបទាំង ១១អាចដាក់កីឡាករកូតាអាស៊ាន (AFF) កូតាកីឡាករអាស៊ី (AFC) នៅលើទីលានបាន។
ម្ចាស់ជើងឯកពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៤-២៥ នឹងទទួលបានប្រាក់រង្វាន់ និងពានរង្វាន់ធំមួយ ព្រមទាំងទទួលបានឱកាសទៅប្រកួតក្រៅស្រុក តំណាងឱ្យកម្ពុជា ថែមទៀតផងមានដូចជា៖ ចូលរួមការប្រកួតពានរង្វាន់ក្លិបប្រចាំតំបន់អាស៊ាន Shopee Cup និងពានរង្វាន់កម្រិតទី៣ប្រចាំទ្វី AFC challenge league ជាដើម៕

