សិល្បៈជាតិ៖ ដំណឹងមុននេះ សារព័ត៌មានត្រយងបានទទួលមកឱ្យដឹងថា ព្រះនាងតូច នរោត្តម ចេនណា ទទួលពានរង្វាន់ Best Newcomer Actress ពីមហោស្រពភាពយន្តកម្ពុជា-អាស៊ីលើកទី២ តាមរយៈខ្សែភាពយន្ត «បណ្ដាសានាងរាត្រី» ដែលផលិតឡើងដោយផលិតកម្ម LD ។

តាមការបញ្ជាក់របស់ព្រះនាងតូច នរោត្តម ជេនណា បានបង្ហោះឡើងនៅលើហ្វេសប៊ុកយ៉ាងដូច្នោះ៖

ខ្ញុំ​ពិតជាមានអារម្មណ៍រំភេីបណាស់ដោយបាន​ទទួល​បានពាន​“ Best Newcomer Actress “ពីមហោស្រពភាពយន្ត​ កម្ពុជា-អាស៊ីលើកទី២​ តាមរយៈខ្សែភាពយន្តខ្នាតធំ រឿង “បណ្ដាសានាងរាត្រី”។

ពានរង្វាន់មួយនេះជាកិត្តិយសដ៏ធំ​នៃការកសាងស្នាដៃរបស់ខ្ញុំ​ ក៏ដូចជាអនុស្សាវរីយ៍នៃការបម្រេីវិស័យសិល្បៈខ្មែរ​ ដែលខ្ញុំស្រឡាញ់ពេញបេះដូងផងដែរ។ យ៉ាងណាមិញ​ ខ្ញុំមិនភ្លេចទេចំពោះការអរគុណ​យ៉ាងជ្រាលជ្រៅចំពោះលោកចាងហ្វាងផលិតកម្ម​ និងថ្នាក់ដឹកនាំផលិតកម្ម LD Entertainment ព្រមទាំងក្រុមការងារទាំងអស់សម្រាប់ការផ្តល់ឱកាសដល់ខ្ញុំបានសម្ដែងក្នុងខ្សែភាពយន្តល្អៗតាំងពីដេីមរៀងមក។

ទន្ទឹមនឹងនេះ​ ខ្ញុំសូមអរគុណចំពោះពុកម៉ែបងប្អូនក៏ដូចជាហ្វេនៗរបស់ខ្ញុំទាំងអស់​ សម្រាប់ការគាំទ្រតាំងពីដើមមក។ ខ្ញុំពិតជារីករាយក្នុងបន្តបោះជំហ៊ានទៅមុខប្រកបដោយក្ដីស្រឡាញ់និងការតាំងចិត្តខ្ពស់។

គួររំលឹកដែរថា ភាពយន្ត «បណ្ដាសានាងរាត្រី» គឺជាភាពយន្តដែលជោគជ័យបំផុតរបស់កម្ពុជាដែលបានចេញទៅបញ្ចាំងនៅតាមរោងភាពយន្តបណ្ដាប្រទេសក្នុងតំបន់អាស៊ី ហើយជាពិសេសភាពយន្តនេះទទួលបានកំណត់ត្រាថ្មីដែលមានចំនួនកើនលើសពី ១ លាននៅក្នុង Box Office របស់តៃវ៉ាន់ និងបានក្លាយជាភាពយន្តខ្មែរដំបូងគេជាប្រវត្តិសាស្ត្រដែលរកចំណូលបានច្រើនជាងគេនៅតៃវ៉ាន់ផងដែរ៕

https://troryorng.com/
Share.