ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត បាន​ប្រកាស​បង្កើត ​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន នា​ថ្ងៃ​ទី ២៦ ខែ​សីហា ឆ្នាំ២០២៤ នេះ​។

យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ខុទ្ទកាល័យ សម្ដេច​នាយករដ្ឋមន្ត្រី មូលនិធិ​នេះ បង្កើត​ឡើង​ក្នុង​គោល​បំណង​ដើម្បី​កៀរគរ​ថវិកា​បន្ថែម​សម្រាប់ កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅ​តាម​បណ្ដោយ​ព្រំដែន ព្រមទាំង​បាន​ផ្ដល់​ឱកាស​ឱ្យ ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន ទាំង​ក្នុង និង​ក្រៅ​ប្រទេស បាន​ចូលរួម​ចំណែក​ដោយ​ផ្ទាល់​ជា​មួយ រាជរដ្ឋាភិបាល​នៅ​ក្នុង​បុព្វហេតុ​ការពារ និង​អភិវឌ្ឍ​ជាតិ ក្នុង​ស្មារតី​មហា​សាមគ្គី​ជាតិ​ខ្មែរ ដើម្បី​ថែរក្សា សុខ​សន្តិភាព អធិបតេយ្យ និង​បូរណភាព​ទឹកដី ក៏​ដូច​ជា​ការ​ជំរុញ​ការ​អភិវឌ្ឍ នៅ​តាម​តំបន់​ព្រំដែន​ឱ្យ​បាន​កាន់​តែ​រឹងមាំ និង​ប្រកប​ដោយ​ចិរភាព​។

ជា​មួយ​គ្នា​នេះ សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី ក៏​បាន​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ឲ្យ​ចូលរួម​បរិច្ចាគ​វិភាគទាន​ឱ្យ​បាន​ផុលផុស​តាម​ការ​ស្ម័គ្រ​ចិត្ត​ក្នុង មូលនិធិ​កសាង​ហេដ្ឋារចនា សម្ព័ន្ធ​តាម​ព្រំដែន​” សំដៅ​រួម​គ្នា​ក្នុង​ធ្លុង​មហា​សាមគ្គី​ជាតិ​ខ្មែរ​។

មិន​ទាន់​បាន​១​ថ្ងៃ​ផង បន្ទាប់​ពី​ខុទ្ទកាល័យ សម្ដេច​ធិបតី​ចេញ​សេចក្ដី​ជូន​ដំណឹង អំពី​ការ​បង្កើត​មូលនិធិ​នេះ ចលនា​គាំទ្រ និង​ការ​បរិច្ចាគ​ក៏​ផុលផុស​ឡើង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ពី​គ្រប់​មជ្ឈដ្ឋាន​។ ក្នុង​នោះ​គេ​សង្កេត​ឃើញ​បណ្ដា​ថ្នាក់​ដឹកនាំ​កំពូល​ៗ របស់​ប្រទេស មន្ត្រីរាជការ ឧកញ៉ា អ្នកឧកញ៉ា លោក​អ្នក​ឧកញ៉ា ពាណិជ្ជករ សិល្បករ​សិល្បការិនី​ល្បីៗ ជួរមុខ និង​ក្រុមហ៊ុន​គ្រាក់ៗ បាន​នាំ​អាទិ​ក្នុង​ការ​រួម​ចំណែក​បរិច្ចាគ ដើម្បី​ជា​គំរូ និង​ទំនុក​ចិត្ត​ដល់​បណ្ដា​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​។

ការណ៍​នេះ ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ស្មារតី​សាមគ្គី​ជាតិ របស់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ នៅ​តាម​តំបន់​ព្រំដែន​ឱ្យ​បាន​កាន់​តែ​រឹងមាំ និង​ប្រកប​ដោយ​ចិរភាព​៕

អត្ថបទ៖ ឈិន ធារ៉ាត់

Share.