សិល្បៈជាតិ៖ មុននេះបន្តិចសារព័ត៌មានត្រយងបានទទួលដំណឹងមកថា តារាចម្រៀងស្រី កញ្ញា ចិត្ត កញ្ចនា និងក្រុមការងារ RONDOM Entertainment នៅពេលត្រឡប់មកពីសម្ដែង និងច្រៀងពីមហោស្រពតន្ត្រីអាស៊ាន -កូរ៉េ ROUND FESTIVAL 2024 ដែលធ្វើឡើងនៅប្រទេសកូរ៉េ កញ្ញាទទួលបានការលើកសរសើរពីរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

ជាមួយឱកាសដ៏វិសេសនារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអនុញ្ញាតជូនតារាចម្រៀង កញ្ញា ចិត្ត កញ្ចនា និងក្រុមការងារ RONDOM Entertainment ជួបសម្តែងការគួរសម។

លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានអបអរសាទរដល់កញ្ញា ចិត្ត កញ្ចនា តារាចម្រៀង និងអ្នកនិពន្ធចម្រៀង ដែលត្រូវបានជ្រើសរើស​ឱ្យចូលរួមសម្តែងតំណាងឱ្យវិស័យចម្រៀងតន្ត្រីយុវវ័យកម្ពុជា ក្នុងពិធីប្រគំតន្ត្រីអាស៊ាន -កូរ៉េ ROUND កាលពីខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ។

ក្នុងជំនួបនេះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានផ្តល់ប័ណ្ណសរសើរ ដល់តារាចម្រៀង កញ្ញា ចិត្ត កញ្ចនា និងក្រុមការងារ RONDOM Entertainment និងសូមវាយតម្លៃខ្ពស់ក្នុងការចូលរួមសកម្មភាពផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរលើឆាកអន្តរជាតិ។

យ៉ាងណាមិញ កញ្ញា ចិត្ត កញ្ចនា ក៏បានសម្ដែងអារម្មណ៍ផ្ទាល់ខ្លួនដោយសរសេររៀបរាប់ជាខ្លឹមសារដ៏មានអត្ថន័យ​ថា «ក្មួយពិតជាមានកិត្តយស និង សូមអរគុណលោកជំទាវបណ្ឌិត សម្រាប់ពាក្យលើកទឹកចិត្ត ការសរសើរ និង ការស្វាគមន៍យ៉ាងកក់ក្តៅ»៕

https://troryorng.com/
Share.