ភ្នំពេញ ៖ យុវជនម្នាក់ស្លាប់ភ្លាមៗនៅកន្លែង បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយ រថយន្តសាំយ៉ុងបត់ឆ្លងផ្លូវត្រឡប់ក្រោយ ធ្វើឱ្យម៉ូតូWINNER ជិះលឿនហ្វ្រាំងមិនទាន់ជ្រុលបុកពីទទឹង ឃើញសភាពមិនស្រួល រថយន្តបើករត់គេចបាត់ស្រមោល កាលពីវេលាម៉ោង១និង៥៥នាទីរំលងអធ្រាត្រចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅតាមផ្លូវ២១៧ ក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះម្នាក់ស្លាប់នៅកន្លែង ឈ្មោះ ក្រេង ភារម្យ ភេទប្រុស អាយុ១៨ឆ្នាំ មុនរបរ បុគ្គលិក ក្រុមហ៊ុន វីរះ ប៊ុនថាំ មានទីលំនៅភូមិតាសាញ់ ឃុំតាសាញ់ ស្រុកសំឡូត ខេត្តបាត់ដំបង ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះជិះម៉ូតូWINNER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KJ-0004 ធ្វើដំណើរពីជើងទៅត្បូង ដល់ចំណ៦ចកើតហេតុ ជ្រុលបុកជាមួយរថយន្តសាំយ៉ុង បើកច្រាសទិគ្នា កំពុងបត់ឆ្លងផ្លូវត្រឡប់ក្រោយ បណ្តាលឱ្យជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែង ឃើញសភាពមិនស្រួល រថយន្តបើករត់គេចទៅបាត់ស្រមោល ។

ក្រោយកើតហេតុសមត្ថកិច្ចចុះទៅអន្តរាគមន៍ ទំនាក់ទំនងទៅក្រុមគ្រួសារដើម្បីដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ បន្តធ្វើការស្រាវជ្រាវ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.