នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ៤កន្លះទៀបភ្លឺ នៅចំណុចផ្លូវកប់ស្រូវ ស្ថិតនៅ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីប្លន់យកម៉ូតូ (ច្បាប់៖ អំពើលួចមានស្ថានទម្ងន់ទោស) មួយបានកើតឡើង បង្កឡើងដោយជនល្មើស ៧នាក់ ជិះម៉ូតូ ៣គ្រឿង ធ្វើសកម្មភាព ធាក់ដៃចង្កូតម៉ូតូរបស់ជនរងគ្រោះ ដែលកំពុងជិះគ្នា ២នាក់ បណ្តាលឲ្យដួលម៉ូតូ បន្ទាប់មកក្រុមជនសង្ស័យបានយកមួកការពារសុវត្តិភាព ដេញវាយជនរងគ្រោះ និងគប់ត្រូវខ្នងជនរងគ្រោះម្នាក់ លុះពេលជនរងគ្រោះរត់ចោលម៉ូតូរបស់ខ្លួន ១គ្រឿង ម៉ាក SUZUKI NEX ពណ៌សលាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1IB-4233 ជនសង្ស័យក៏បានលើកម៉ូតូរបស់ជនរងគ្រោះ បម្រុង បើកគេចចេញពីកន្លែងកើតហេតុ តែត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋាបាលចោមចៅទី៣ និងប្រជាពលរដ្ឋដែលនៅទីកន្លែងនោះ ដេញចាប់ រហូតឃាត់ខ្លួនបានម្នាក់ ចំណែកជនល្មើសផ្សេងទៀតបានជិះម៉ូតូរត់គេចខ្លួនបាត់អស់ ។

ជនរងគ្រោះឈ្មោះ អ៊ឹម ហ្គ្រិចឡុង ភេទប្រុស អាយុ ១៥ឆ្នាំ ជាសិស្ស មានទីលំនៅ ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ បានបាត់ម៉ូតូ ១គ្រឿង ម៉ាក SUZUKI NEX ពណ៌សលាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1IB-4233 ។

ក្រោយកើតហេតុ នគរបាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាលពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ និងមានការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង ១១ ថ្ងៃដដែល នគរបាលក៏ឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀត ដែលជាអ្នកផ្តល់មធ្យោបាយឲ្យជនល្មើស នៅចំណុចបន្ទប់ជួលលេខ ២៥៣ ផ្លូវផ្សាររំចេក ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល និងបានបន្តស្រាវជ្រាវរហូតដល់វេលាម៉ោងជិត ១២ យប់ក្នុងថ្ងៃដដែល នគរបាលបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់បន្ថែមទៀត នៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្រ្ត ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ហេតុដែលឈាបទៅឃាត់ខ្លួនបានជនសង្ស័យទាំង៣នាក់នេះ ដោយសារមានការសម្របសម្រួលនីតិវិធីពីលោក​ ពេញ​ ពិសិដ្ឋ​ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហន​​ និងមានការចូលរួមសហការពីកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។

ក្នុងកិច្ចប្រតិបត្តិការណ៍នេះ កម្លាំងសមត្ថកិច្ចយើងចាប់ឃាត់ខ្លួនបានជនសង្ស័យសរុប ៥នាក់ សុទ្ធសឹងជាក្មេងៗ អាយុ១៨ឆ្នាំ និងមានម្នាក់អាយុ២១ឆ្នាំ ដែលសង្ស័យថា ជាអ្នកផ្ដល់មធ្យោបាយក្នុងការប្រព្រឹត្តបទល្មើស។ វត្ថុតាងចាប់យកបានរួមមាន ម៉ូតូ ៣គ្រឿង ដែល១គ្រឿងទើបប្លន់បានពីជនរងគ្រោះគ្រោះឈ្មោះ អ៊ឹម ហ្គ្រិចឡុង និង២គ្រឿងទៀត ដែលមានម៉ាក SUZUKI NEX ស៊េរីឆ្នាំ២០២៤ ពណ៌លឿងលាយស ពាក់ស្លាកលេខ ភ្នំពេញ 1KX-2932 និង HONDA DREAM ស៊េរីឆ្នាំ២០២៤ ពណ៌ខ្មៅ គ្មានស្លាកលេខ ជាមធ្យោបាយជិះប្រព្រឹត្តិបទល្មើស

សូមបញ្ជាក់ថា ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលរាជធានីភ្នំពេញកំពុងបន្តនីតិវិធី ។

ក្រមព្រហ្មទណ្ឌ៖

មាត្រា ៣៥៣ អំពើលួច ជាអំពើដកហូតដោយទុច្ចរិតនូវទ្រព្យសម្បត្តិ ឬវត្ថុផ្សេងទៀតរបស់អ្នកដទៃ តាមគ្រប់មធ្យោបាយក្នុងគោលបំណងធ្វើជាកម្មសិទ្ធិរបស់ខ្លួន។

មាត្រា ៣៥៧អំពើលួចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៣  ឆ្នាំ ទៅ ១០ ឆ្នាំ ក្នុងករណីដូចតទៅ៖

១៖ អំពើលួចនេះ ប្រព្រឹត្តទៅមុនពេល ក្នុងពេល ឬ ក្រោយពេលប្រើហិង្សា ។
២៖ អំពើលួចនេះ ប្រព្រឹត្តដោយការកាប់គាស់ ទម្លុះទម្លាយ ។

អត្ថបទ៖ ចតុមុខ

Share.