កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ បានចូលរួមបរិច្ចាគថវិកា ១០លានរៀល ជាមួយរាជរដ្ឋាភិបាល ដេីម្បី «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែនកម្ពុជាយេីង។

នេះជាភាពវិជ្ជមានរបស់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីឆ្លើយតបទៅនឹងការសំណូមរបស់ប្រជាពលរដ្ឋច្រើនលើសលប់ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដើម្បីជំរុញការអភិវឌ្ឍតាមព្រំដែន សំដៅដល់ការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីឱ្យបានកាន់តែរឹងមាំ។
ការបង្កើតមូលនិធិនេះ ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែមសម្រាប់ កសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តោយព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និង អភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។ នេះបើតាមសេចក្តីជូនដំណឹងរបស់នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ចុះថ្ងៃទី ២៦ ខែសីហានេះ។

តាមរយៈសេចក្តីជូនដំណឹងនេះដែរ សម្តេចធិបតី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស មេត្តាចូលរួមបរិច្ចាគវិភាគទានដោយឱ្យបានផុសផុលតាមការស្ម័គចិត្តក្នុង មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន សំដៅរួមគ្នាក្នុងធ្លុងមហាសាមគ្គីខ្មែរ ដើម្បីថែរក្សាសុខសន្តិភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។
ជាការកត់សម្គាល់ ក្រោយប្រកាសមូលនិធិនេះមិនដល់មួយម៉ោងផង ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស បានចូលរួមយ៉ាងសកម្មតាមរយៈបរិច្ចាគថវិកាស្ម័គ្រចិត្ត និងបានបង្ហោះនៅលើបណ្តាញសង្គមផ្សេងដោយសរសេរថា រួមគ្នាដើម្បីព្រំដែនយើង។


ជាមួយគ្នានោះដែរ ឯកឧត្តម អភិបាលខេត្ត និងលោកជំទាវ បានស្នើដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល តាមលទ្ធភាពរបស់ខ្លួន ដេីម្បីអភិវឌ្ឍន៍ និងភាពរឹងមាំរបស់ជាតិយេីង។
គួរជម្រាបថា ប្រទេសកម្ពុជា ខេត្តដែលមានព្រំដែនជាប់ជាមួយប្រទេសវៀតណាមមានចំនួន ៩ខេត្តគឺ ខេត្តកណ្តាល ខេត្តតាកែវ ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី រតនគិរី និងខេត្តកំពត ។ ខេត្តដែលមានព្រំប្រទល់ជាប់ជាមួយនឹងប្រទេសថៃមាន ចំនួន៧ខេត្តគឺ ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង បៃលិន ពោធិ៍សាត់ និងខេត្តកោះកុង ខណៈខេត្តព្រះវិហារ ស្ទឹងត្រែង និងខេត្តរតនគិរី មានព្រំដែនជាមួយប្រទេសឡាវ ៕


អត្ថបទ៖ អាចារ្យលាក់

