ភ្នំពេញ ៖ បុរសម្នាក់រងរបួសបាក់ជើងឆ្វេង ចំណែកប្រពន្ធរងរបួសស្រាល បន្ទាប់ពីជិះម៉ូតូហុងដាឌ្រីមឌុបគ្នាទៅធ្វើការរោងចក្រ ឆ្លងផ្លូវត្រូវបានម៉ូតូហុងដាឌ្រីមមួយគ្រឿងទៀតជិះលឿនជ្រុលបុក កាលពីវេលាម៉ោង៦និង៥០នាទីព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៧ នៅតាមផ្លូវកប់ស្រូវ ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះរបួសធ្ងន់មាន ឈ្មោះ ណាក់ វីរៈ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករ ចំណែកប្រពន្ធរងរបួសស្រាល ស្នាក់នៅភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិតាសំ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម ឌុបប្រពន្ធ ធ្វើដំណើតពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ បត់ឆ្វេងឆ្លងផ្លូវទៅកើត ស្រាប់តែមានម៉ូតូហុងដាឌ្រីមមួយគ្រឿងទៀត បើកលឿនពីជើងទៅត្បូងជ្រុលបុកពីទទឹង បណ្តាលឱ្យរងរបួសបាក់ជើងឆ្វេង ប្រពន្ធរងរបួសស្រាល ម៉ូតូម្ខាងទៀតលើកជិះរត់គេចទៅបាត់ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកជូននៅប៉ុស្តិ៍៕
អត្ថបទ៖ តាតុងសែនជ័យ

