ភ្នំពេញ ៖ បុរសម្នាក់ជាអ្នកបើកបររថយន្តតាក់សុីផង បើកបណ្តើរសេពគ្រឿងញៀបបណ្តើរ វង្វេងបាត់ស្មារតី ជ្រុលចង្កូត ទៅបុកទូឈើ គេដាក់លក់ចិញ្ចើមផ្លូវ ហើយនៅបន្តបើកទៅមុខ រេពេញផ្លូវ ផ្អើលសមត្ថកិច្ចដេញតាមឃាត់ ១ នៅតាមផ្លូវជាតិលេខ៤ ចំណុចភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១១និង៤៥នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២។

បុរសបែកថ្នាំ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ខណៈដែលកំពុងប្រតិកម្មថ្នាំញៀននៅឡើង បែកវង្វេងបាត់ស្មារតី និយាយលែងដឹងខុសត្រូវ មានអាយុជាង២០ឆ្នាំ បើកបររថយន្តមួយគ្រឿងម៉ាក សាំយ៉ុង ពណ៌ស្លែ ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-5432 ជារថយន្តតាក់សុី ។
តាមប្រជាពលរដ្ឋ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសរូបនេះ បើកបររថយន្ត តែគ្មានអ្នកជិះ រួមដំណើរជាមួយទេ តាម បណ្តោយផ្លូវជាតិលេខ៤ ពីលិចទៅកើត រេពេញផ្លូវ ដល់ចំណុចភូមិអង្គ ស្រាប់តែជ្រុលទៅបុកទូឈើ ដែលគេដាក់បញ្ឈរ លក់ នៅមុខផ្ទះ ហើយបើកបន្តទៅមុខ ផ្អើលប្រជាពលរដ្ឋ អ្នកដំណើរ រាយការណ៍ប្រាប់សមត្ថកិច្ច ដេញតាមចាប់ឃាត់ មើលក្នុង រថយន្តសុទ្ធតែសំណល់គ្រឿងញៀន ទើបជក់ហើយថ្មីៗ ។

គ្រាន់តែឃើញបុរសបើកបររថយន្តបង្ក បុកទូ ក្នុងសភាពបែកថ្នាំ ម្ចាស់អ្នកលក់ទូ លែងប្តឹងហើយ ប្រគល់ឲ្យប៉ូលិស ឃាត់រថយន្ត និងបុរសបែកថ្នាំសិន ជៀសវាងបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ។
ជនបែកថ្នាំត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅប៉ុស្តិ៍ចោមចៅ៣ រងចាំស្វាង ទំនាក់ទំនងទៅក្រុមគ្រួសារ ទទួលយក ទៅផ្ទះវិញ ឬមានចំណាត់ការអ្វីបន្តទៀត ៕
