ត្បូងឃ្មុំ៖ កសិករខេត្តត្បូងឃ្មុំ បង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២៤នេះ សម្រេចបាន ៦៨,៨១៥ហិកតា ស្មើនឹង ៨៩,៧៣%ហើយ នេះបើគឹតមកដល់ចុងខែសីហា ឆ្នាំ ២០២៤នេះ។

លោក វុត្ថា អាយុ៤៥ឆ្នាំ ជាកសិកររស់នៅឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ឆ្នាំនេះក៏ដូចជាឆ្នាំកន្លងទៅដែរ គាត់តែងតែបង្កបង្កើនផលស្រូវផ្ការំដួល និងស្រូវសែនក្រអូប មានតម្លៃល្អនៅលើទីផ្សារ ដោយកាលពីឆ្នាំកន្លងទៅ គាត់លក់បានតម្លៃជាង ១ពាន់រៀលក្នុងមួយគីឡូក្រាម ប្រភេទស្រូវនៅសើម ដោយមានថៅកែមកទទួលទិញនៅក្នុងភូមិតែម្តង។
លោក វុត្ថា បានបន្តទៀតថា ដោយឡែកឆ្នាំនេះ គាត់មិនទាន់ដឹងថា ស្រូវរបស់គាត់លក់បានតម្លៃប៉ុន្មានរៀលក្នុងមួយគីឡូក្រាមនោះទេ ដោយសារតែស្រូវគាត់ពុំទាន់ដល់ពេលប្រមូលផលឡើយ ស្រូវរបស់គាត់ចាប់ប្រមូលផលនៅដើមខែតុលាខាងមុខនេះហើយ។ លោក វុត្ថា បានរំពឹងទុកថា ស្រូវរបស់គាត់ឆ្នាំនេះនឹងមានទីផ្សារល្អ លក់បានតម្លៃថ្លៃខ្ពស់ល្អដូចឆ្នាំកន្លងទៅដែរ ដែលធ្វើឲ្យកសិករយើងសប្បាយរីករាយក្នុងការបង្កបង្កើនផលស្រូវ ទទួលបានជីវភាពគ្រួសារធូរធារជាងមុន។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹងនាព្រឹកថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៤នេះថា ការបង្កបង្កើនផលដំណាំស្រូវរដូវវស្សារបស់កសិករខេត្តត្បូងឃ្មុំឆ្នាំនេះ សម្រេចបាន ៦៨,៨១៥ ហិកតា ក្នុងនោះស្រូវស្រាល ១,៣២០ ហិកតា ស្រូវកណ្តាល ២,២៣០ ហិកតា និងស្រូវធ្ងន់ ១,៦១៥ ហិកតា ស្មើនឹង ៨៩.៧៣% នៃផែនការដាំដុះ បើធៀបនឹងឆ្នាំ២០២៣ យឺតជាង ៤,៧៦៥ ហិកតា ៕

អត្ថបទ៖ អាចារ្យលាក់

