តូក្យូ៖ អ្នកនាំពាក្យរដ្ឋាភិបាលជាន់ខ្ពស់របស់ជប៉ុន បាននិយាយនាថ្ងៃអង្គារ នេះថា រយៈពេលមួយថ្ងៃបន្ទាប់ពីយន្ដហោះយោធាចិនចូលក្នុងដែនអាកាសជប៉ុន និងកោះហៅមន្ត្រីស្ថានទូតចិននៅទីក្រុងតូក្យូ មកជួបពិភាក្សារួចនោះ បានចាត់ទុកទង្វើរបស់ចិនជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យ បន្ទាប់ពីកើតមានឧបទ្ទវហេតុនៅតំបន់សមុទ្រចិនខាងកើត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០២៤។

លោក Yoshimasa Hayashi អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន បានប្រាប់សន្និសីទសារព័ត៌មាន ថា «ការរំលោភដែនអាកាសនេះ មិនត្រឹមតែជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់ប្រទេសជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងគំរាមកំហែងដល់សន្តិសុខរបស់យើងផងដែរ»។

លោក Hayashi បាននិយាយថា «រដ្ឋាភិបាលនៅតែបន្តតាមដានការបង្កើនសកម្មភាពយោធារបស់ចិននៅជិតប្រទេសយើង ហើយនឹងត្រូវបានរៀបចំគ្រប់ជ្រុងជ្រោយ ដើម្បីទប់ស្កាត់ការរំលោភដែនអាកាសណាមួយ ខណៈលោក បានបដិសេធមិនធ្វើការអត្ថាធិប្បាយលើព័ត៌មានលម្អិតនៃកិច្ចចរចាការទូតរវាងទីក្រុងតូក្យូ និងទីក្រុងប៉េកាំងនោះឡើយ។

ប្រទេសជប៉ុន បាននិយាយថា បានបញ្ជូនយន្តហោះចម្បាំងទៅបណ្ដេញយន្ដស៊ើបការណ៍ Y-9 របស់ចិន ១គ្រឿង ដែលបានហោះពីលើកោះ Danjo ទៅកាន់ភាគខាងលិចនៃកោះ Kyushu ភាគខាងត្បូងក្នុងរយៈពេលប្រហែល ២នាទីកាលពីព្រឹកថ្ងៃចន្ទ ជាអ្វីដែលខ្លួនបាននិយាយថា គឺជាការរំលោភលើដែនអាកាសជាលើកដំបូងដោយយោធារបស់ប្រទេសចិន។
សូមជម្រាបថា បើតាមការផ្សាយរបស់ទូរទស្សន៍ NHK របស់ជប៉ុន, ក្រៅពីយន្តហោះយោធា យន្តហោះ ១គ្រឿងទៀតរបស់រដ្ឋបាលចិនទទួលបន្ទុកកិច្ចការមហាសមុទ្រ និងដ្រូនមួយគ្រឿងរបស់ឆ្មាំឆ្នេរសមុទ្រចិន ក៏ធ្លាប់បានហោះរំលោភដែនអាកាសរបស់ប្រទេសជប៉ុន ក្នុងឆ្នាំ២០១២ និងឆ្នាំ២០១៧ ផងដែរ៕

