សិល្បៈជាតិ៖ ក្រោយផ្លាស់ប្ដូរ Profile ថ្មីនៅលើហ្វេសប៊ុក អ្នកគាំទ្រលាន់មាត់គ្រប់គ្នាថា កញ្ញា ព្រះកាយច័ន្ទ ផ្លាស់ប្ដូរទម្រង់មុខថ្មីមើលសឹងមិនចំណាំ បន្ទាប់កែកុនច្រមុះរួច។
តាមចាំមិនខុសទេនោះ កញ្ញា ព្រះកាយច័ន្ទ បានប្រកាសកែកុនខ្ទង់ច្រមុះថ្មីបន្ទាប់ពីបញ្ចប់ការប្រកួត Miss Grand Phnom Penh 2024 ប៉ុន្តែអ្នកគាំទ្រគ្រប់គ្នាពិតជាសោកស្ដាយបំផុតនៅពេលដែលកញ្ញាសម្រេចចិត្តបោះបង់ចោលការប្រកួតវិញ។

មែនទែនទៅ កញ្ញា ព្រះកាយច័ន្ទ កែកុនខ្ទង់ច្រមុះថ្មីនេះដោយសារមានទំនុកចិត្តខ្លាំងពីខាងមន្ទីរពេទ្យកែសម្ផស្សមួយកន្លែងនៅភ្នំពេញ ស្របពេលដែលកញ្ញាមិនសូវពេញចិត្តខ្ទង់ច្រមុះចាស់ និងចង់លើករាសីខ្លួនបន្ថែមមួយកម្រិតទៀត។ នេះបើតាមការលើកឡើងរបស់កញ្ញា ព្រះកាយច័ន្ទ នៅក្នុង Live ជជែកលែងជាមួយអ្នកគាំទ្រ។
ពាក់ព័ន្ធជាមួយរឿងកែសម្ផស្សនេះ កញ្ញា ព្រះកាយច័ន្ទ ធ្លាប់អះអាងថា ដាច់ខាតគឺខ្លួនមិនកែពង្រើកដើមទ្រូងឱ្យធំដូចជាតារាមួយចំនួនឡើយ ព្រោះថាការកែពង្រីកដើមទ្រូងឱ្យធំក្លំជាងមុន កញ្ញាគិតថាមានផលប៉ះពាល់នាពេលអនាគត ជាពិសេសគឺនៅពេលបំបៅទឹកដោះកូន។ ហើយបើទោះនរណាចង់ថា ឬ គិតយ៉ាងណាក្ដី ព្រះកាយច័ន្ទមិនខ្វល់ដែរ សំខាន់គឺកញ្ញាស្រឡាញ់អ្វីដែលជារូបរាងកាយរបស់ខ្លួន ។
សូមជម្រាបថា កញ្ញា ព្រះកាយច័ន្ទ សព្វថ្ងៃនេះមិនមានតំណែងណាមួយក្នុងចង្កោមបវរកញ្ញាទៀតឡើយ លុះត្រាតែកញ្ញាចាប់អារម្មណ៍ចូលមកប្រកួតក្នុងកម្មវិធីបវរកញ្ញាណាមួយជាថ្មីម្ដងទៀត។ ប៉ុន្តែ ព្រះកាយច័ន្ទ នៅតែបន្តស្នាដៃក្នុងការថតសម្ដែងភាពយន្ត ជាពិសេសទទូចចង់បានឱកាសសម្ដែងភាពយន្តខ្នាតធំរបស់ផលិតកម្មល្បីៗក្នុងស្រុក និងអន្តរជាតិ៕




