ការប្រកាសពានរង្វាន់កីឡាករ គ្រូបង្វឹកឆ្នើម ក្លិប និងកីឡដ្ឋានល្អ នៃក្របខណ្ឌខេមបូឌានព្រីមៀរលីគរដូវកាល២០២៣-២៤ បានបង្ហាញជាផ្លូវការហើយ នៅព្រឹកថ្ងៃទី២៧ សីហានេះ ដែលជាពានរង្វាន់សំខាន់ប្រចាំរដូវកាល។

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ឈ្នះពានរង្វាន់ជើងឯកខេមបូឌានព្រីមៀរលីគ រី ជើងឯករង គឺភ្នំពេញក្រោន និងក្លិបបាល់ទាត់វិសាខា ទទួលបានចំណាត់ថ្នាក់លេខ៣ រីឯលេខ៤ បានទៅលើក្លិបបាល់ទាត់បឹងកេត។ ខណ:វិសាខា ដែលបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ជាប់ជាក្រុម Fair Play ដែលទទួលបាន ៩១៧ពិន្ទុ។

សម្រាប់កីឡាករដែលឈ្នះពានរង្វាន់ Top Goal Scorer Award ស៊ុតបញ្ចូលទីបានច្រើនគ្រាប់ពេញមួយរដូវកាល គឺបានទៅលើខ្សែរប្រយុទ្ធសញ្ជាតិកាណាដា MARCUS WARREN HABER របស់ព្រះខ័នរាជស្វាយរៀង រកបាន ៣១គ្រាប់ និងបង្ហាញខ្លួនបាន ២ ៨២៣នាទី។ MARCUS HABER ក៏ជាប់ឈ្មោះឈ្នះពានរង្វាន់កីឡាករល្អប្រចាំការប្រកួត MVP Award ដែលឈ្នះចំនួន ៧លើក។

ញាន សុស៊ីដាន់ ដែលបង្ហាញទម្រង់លេខដ៏ល្អ នៅក្នុងសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ នៃពានរង្វាន់ជើងឯកលីគកំពូលកម្ពុជា រដូវកាល២០២៣-២៤ ជាប់ជាកីឡាករវ័យក្មេងឆ្នើមជាងគេប្រចាំឆ្នាំ ដែលឈ្នះ MVP ប្រចាំការប្រកួតចំនួន ៧លើក និងបានបង្ហាញខ្លួនលើទីលានបាន ២ ២២៩នាទី។

ពានរង្វាន់អ្នកចាំទីល្អបំផុត Best Goalkeeper បានទៅលើកីឡាករ វីរ: ដារ៉ា របស់ព្រះខ័នរាជស្វាយរៀង។ ចំណែកពានរង្វាន់គ្រូបង្វឹកឆ្នើមប្រចាំឆ្នាំ បានទៅ លោក JOSE MUNOZ សញ្ជាតិអេស្ប៉ាញ របស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដូចគ្នា។


ងាកមកក្លិបដែលត្រូវបានជ្រើសរើសឈ្នះពានរង្វាន់ក្រុមរៀបចំជាម្ចាស់ផ្ទះល្អជាងគេ Best Hosting Team គឺបានទៅលើកក្លិបបាល់ទាត់វិសាខា និងកីឡដ្ឋានខេត្តស្វាយរៀង ជាប់ឈ្មោះជាកីឡដ្ឋានមានអ្នកចូលរួមទស្សនាច្រើនជាងគេ ខណ: ទីលានរបស់កីឡដ្ឋាន Smart RSN របស់ភ្នំពេញក្រោន ត្រូវបានជ្រើសរើសជាទីលានដែលល្អជាងគេប្រចាំរដូវកាល។


ក្នុងនោះដែលសម្រាប់ពានរង្វាន់អាជ្ញាកណ្តាលល្អបំផុត បានទៅលើកលោក ឃិន ឧសីហា អាជ្ញាកណ្ដាលទី១ បានទៅលើលោក ទេន សំរេច អាជ្ញាកណ្ដាលទី២ បានទៅលើលោក មឿន ធី និងអាជ្ញាកណ្ដាលទី៤ បានទៅលើលោក អ៊ីវ ទីណា។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតពានរង្វាន់ជើងឯកខេមបូឌានព្រីមៀរលីគ រដូវកាលឆ្នាំ២០២៣-២៤ មានចំនួន ១០ក្រុមចូលរួមប្រកួតប្រជែងមាន៖ ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន វិសាខា បឹងកេត ព្រៃវែង ISI ដង្កោសែនជ័យ Tiffy Army ណាហ្គាវើលដ៍ អង្គរថាយហ្គឺរ និងគិរីវង់សុខសែនជ័យ៕


