សិល្បៈជាតិ៖ តារាសម្ដែងជើងចាស់អ្នកគ្រូ ឌីសាវ៉េត ដែលមានរហ័សនាមផ្ការីកគ្រប់រដូវ បានឈ្នះពានរង្វាន់តួឯកស្រីឆ្នើមប្រចាំតំបន់អាស៊ីក្នុងវ័យ ៨១ ឆ្នាំ ពីមហោស្រពភាពយន្តកម្ពុជា-អាស៊ីលើទី ២ ឆ្នាំ ២០២៤ តាមរយៈភាពយន្ត «ពេលម៉ែចាស់ទៅ» របស់ផលិតកម្មកងចក្រភាពយន្ត។

ជាការពិតណាស់ ភាពយន្ត «ពេលម៉ែចាស់ទៅ» ជាវណ្ណកម្មភាពបែបគ្រួសាររបស់អ្នកនិពន្ធ និងដឹកនាំរឿងជើងចាស់ អ្នកស្រី ពាន់ ភួងបុប្ផា ដែលបាននិពន្ធសាចរឿងសៀវភៅប្រលោមលោកតាំងពីឆ្នាំ២០១៩ និងបានផលិតជាភាពយន្តខ្នាតធំនៅឆ្នាំ២០២២។ សាច់រឿងទាំងមូលបានឆ្លុះបញ្ចាំងពីតថសង្គមពិតជាក់ស្ដែង អំពីអ្នកម្ដាយគ្រប់រូបពេល មានវ័យកាន់តែចាស់ កាន់តែមានភាពរអ៊ូរទាំ សម្ដីធំតូច មានកង្វល់ច្រើន និងចិត្តច្រើន លើកូនប្រុសស្រី ដែលធ្វើ ឱ្យកូនៗគិតថាវាជាសម្ពាធទៅវិញពេលរស់នៅជាមួយម្ដាយចាស់និយាយច្រើនជាដើម។

តាមរយៈភាពយន្តដ៏មានគុណភាព និងចាក់ដល់បេះដូងអ្នកទស្សនាឱ្យស្រក់ទឹកភ្នែកតាមហើយនោះ អ្នកគ្រូ ឌីសាវ៉េត បានក្លាយជាតួឯកស្រីសំខាន់មួយដែលបានស្ថិតក្នុងការចងចាំរបស់អ្នកទស្សនាគ្រប់ៗរូប។ នៅក្នុងវ័យ ៨១ ឆ្នាំនេះ អាចនិយាយបានថា អ្នកគ្រូ ឌី សាវ៉េត គឺជាតារាសម្ដែងជើងចាស់បើកមុខមុនគេនិងពិតជាស័ក្ដសមជាមួយពានរង្វាន់ដែលបានសម្រិតសម្រាំង និងប្រគល់ជូនដោយមហោស្រពយន្តកម្ពុជា-អាស៊ីផងដែរ។

គួររំលឹកដែរថា អ្នកគ្រូគ្រូ ឌី សាវ៉េត គឺជាតារាភាពយន្តផ្នែកនារីតែមួយរូបគត់ដែលបានសម្ដែងជាមួយតារាភាពយន្តផ្នែកបុរសទាំងអស់របស់កម្ពុជាមុនឆ្នាំ១៩៧៥ និងតួឯកនាងសក់ពស់ក្នុងខ្សែភាពយន្តរឿងនាងព្រាយសក់ពស់ឬ ធីតាសក់ពស់ នៃផលិតកម្មសុវណ្ណគិរីភាពយន្តឆ្នាំ១៩៧៤។ កេរ្តិ៍ឈ្មោះអ្នកគ្រូល្បីសុសសាយទាំងនៅក្នុងប្រទេសកម្ពុជា និងអន្តរជាតិ នៅអំឡុងទសវត្សរ៍ទី៦០ និងដើមទសវត្សរ៍ទី៧០ រហូតមកដល់សព្វថ្ងៃតាមរយៈស្នាដៃភាពយន្តចាស់ថ្មីជាច្រើនចំណងជើង៕

