ភ្នំពេញ ៖ ម៉ូតូនិចមួយគ្រឿងជិះដោយបុរសម្នាក់ ប្រើប្រាស់ជាតិស្រវឹង ក្នុងសភាពទោទន់ បោលលឿនជ្រុលទៅបុកជាមួយម៉ូតូសណ្តោងរុឺម៉កដឹកផ្លែត្រសក់ដើរលក់ ស្របទិសគ្នា បណ្តាលឱ្យរងរបួសដំណំ ខូចខាតខ្ទេចម៉ូតូ កាលពីវេលាម៉ោង១០និង២៥នាទីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុ គេឃើញម៉ូតូនិច ពណ៌ស ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1IY-6944 ជិះដោយបុរសរងគ្រោះ ក្នុងសភាពស្រវឹង ជិះលឿនពីកើតទៅលិច ដល់ចំណុចកើតហេតុ ជ្រុលបុកពីចំហៀងម៉ូតូសណ្តោងរុឺម៉ក ដឹកផ្លែត្រសក់ដើរលក់ ស្របទិសគ្នា បណ្តាលឱ្យដួលបោកនឹងចិញ្ចើមផ្លូវរងរបួសដំណំ រួមផ្សំជាមួយជាតិស្រវឹងផង វង្វេងបាត់ស្មារតី។ ជនរងគ្រោះ ក្នុងសភាពស្រវឹងស្រាជោគជាំ សូម្បីតែឈ្មោះខ្លួនឯងមិនចាំផង។

ក្រោយកើតហេតុ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ទៅដល់ជួយជូតលាងរបួស ហើយក្រុមគ្រួសារសុំនាំយកទៅផ្ទះដោយខ្លួនឯង រីឯមធ្យោបាយទាំង២គ្រឿង សមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ រងចាំដោះស្រាយគ្នាពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.