វីដេអូដែលជាស្នាដៃរបស់ម្ចាស់គណនីហ្វេសប៊ុកម្នាក់ដែលមានឈ្មោះថា Jeff Benie កំពុងតែល្បីនិងមានការចែករំលែកព្រោងព្រាត ក្រោយម្ចាស់គណនីរូបនេះបានកាត់តបញ្ចូលរូបភាពវីដេអូរបស់ឧកញ៉ា ទ្រី ដាណា និងស្វាមី រស់ រាជ្ជសាល គួបផ្សំនឹងសំឡេងរបស់តួអង្គឯកនៃរឿងភាគកូរ៉េ Queen of Tears ហើយបង្ហោះផ្សព្វផ្សាយកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ។

ម្ចាស់គណនី ខាងលើនេះ បានប្រើ Caption ខ្លីថា Queen of Tears on Netflix On Netflix NNP ដោយគ្រាន់តែបង្ហោះចេញលើបណ្ដាញទំនាក់ទំនងដ៏មានប្រជាប្រិយភាព ដែលប្រជាជនខ្មែរចូលចិត្តលេងហើយនោះ ស្រាប់តែផ្ទុះបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង និងមានអ្នកចូលមកទស្សនានិងចែករំលែក រហូតអូសឱ្យវីដេអូខ្លីនេះបានក្លាយជាវីដេអូពេញនិយម ឬ វីដេអូ Viral មួយតាំងពីម្សិលមិញ រហូតមកដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នេះ

ភាពយន្តភាគកូរ៉េ Queen Of Tears ដែលម្ចាស់គណនីយកសំឡេង មកកាត់បញ្ចូលគ្នា គឺជាស៊េរីរឿងភាគកូរ៉េ ដ៏ល្បីល្បាញ និងមានការគាំទ្រយ៉ាងខ្លាំងនៅលើ Netflix រហូតបំបែកកំណត់ត្រា ក្លាយជារឿងដែលមានអត្រាទស្សនាខ្ពស់ជាងគេលំដាប់លេខ១ ទាញទំលាក់រឿងភាគមនោសញ្ចេតនាស្នេហា Crash Landing on You ដែលសម្ដែងដោយ Hyun Bin និង Son Ye Jin កាលពីឆ្នាំ២០១៩។

Queen of Tears នេះសម្ដែងដោយតួឯកប្រុសដែលស៊ីតម្លៃខ្ពស់កប់ក្ដោងរបស់កូរ៉េ Kim Soo Hyun និងតួឯកស្រី Kim Ji Won រឿងនេះបានចេញផ្សាយកាលអំឡុងខែ មេសា ឆ្នាំ២០២៤ ជារឿងភាគកូរ៉េដ៏ល្បីល្បាញបំផុតមួយប្រចាំឆ្នាំ២០២៤ ដែលអ្នកនិយមទស្សនារឿងភាគកូរ៉េ ចាត់ចូលជាស៊េរីរឿងដ៏ល្អឯកប្រចាំឆ្នាំថែមទៀតផង។

ជាការកត់សម្គាល់ អ្នកលេងបណ្ដាញសង្គមនៅខ្មែរជាច្រើន បានបង្ហាញចំណាប់អារម្មណ៍ និង មតិគាំទ្រ ហើយចូលចិត្ត ព្រមទាំងសរសើរសមត្ថភាពរបស់គណនី Jeff Benie ដែលអាចបង្កើតវីដេអូប្លែកនិងជាទីចាប់អារម្មណ៍ សម្រាប់ឱ្យអ្នកទស្សនាមើលកម្សាន្តសប្បាយនេះគ្រប់ៗគ្នា៕

