ភ្នំពេញ ៖ ក្មេងស្រីសិស្សសាលា២នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូឌុបគ្នាឆ្លងផ្លូវ ប៉ះដៃចង្កូតគ្នាជាមួយម៉ូតូផ្សេង ដួលចូលរថយន្តធុនធំសណ្តោងរុឺម៉កដឹកទំនិញ កិនស្លាប់ក្រោមរថយន្តតែម្តង ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ចំណុចភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះទាំង២នាក់បានស្លាប់ ៖ ទី១ ឈ្មោះ ញឹក សុភ័ស្តបូទី ភេទស្រី អាយុ១៦ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៧ អនុវិទ្យាល័យកំបូល មានទីលំនៅ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល ។ ទី២ ឈ្មោះ ចាប មរកត ភេទស្រី អាយុ១៥ឆ្នាំ សិស្សរៀនថ្នាក់ជាមួយគ្នា មានទីលំនៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបួល ។
តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុក្មេងស្រីរងគ្រោះជិះម៉ូតូនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IN-2280 ឌុបគ្នាចេញពីសាលារៀន ឆ្លងផ្លូវជាតិលេខ៤ ពីជើងទៅត្បូង ជ្រុលប៉ះដៃចង្កូតគ្នាជាមួយម៉ូតូផ្សេង ដួលចូលរថយន្តធុនធំ ម៉ាកហុីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ឆ្នាំង3A-2062 សណ្តោងរុឺម៉កដឹកទំនិញ កំពុងបើកពីលិចទៅកើត បណ្តាលឱ្យកិនស្លាប់ទាំង២នាក់ ក្រោមរថយន្ត អ្នកបើកបររថយន្តត្រូវបានឃាត់ខ្លួន ។

ក្មេងស្រីរងគ្រោះ ដោយមិនអស់ចិត្ត ត្រូវបានបងប្អូនប្រជាពលរដ្ឋហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ទៅពិនិត្យជាក់ស្តែងបានស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុភ្លាមៗត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋាន កម្លាំងជំនាញខណ្ឌកំបូល អន្តរាគមន៍ សម្រួលចរាចរណ៍ ពិនិត្យស្លាកស្នាម ប្រគល់សាកសពជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្ត អ្នកបើកបរ និងម៉ូតូ ត្រូវបានប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ វាស់វែងយកទៅរក្សាទុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
អត្ថបទ៖ តាតុងសែនជ័យ

