តូក្យូ៖ ក្រុមមន្រ្តីបាននិយាយនាថ្ងៃពុធ នេះថា មនុស្ស ៤នាក់ជាសមាជិកក្នុងគ្រួសារតែមួយបានបាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបង្កឡើងដោយឥទ្ធិពលព្យុះទីហ្វុងមួយដែលកំពុងបោកបក់មកកាន់ប្រទេសជប៉ុន បណ្ដាលឱ្យមានគ្រោះរអិលបាក់ដី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០២៤។
ព្យុះទីហ្វុង Shanshan ស្ថិតនៅចម្ងាយ ៨០គីឡូម៉ែត្រពីភាគឦសាននៃប្រជុំកោះ Amami ភាគខាងត្បូងប្រទេសជប៉ុន នៅព្រឹកថ្ងៃពុធ នេះ ជាមួយនឹងខ្យល់បក់រហូតដល់ ២៥២គីឡូម៉ែត្រក្នុងមួយម៉ោង។

ក្រុមមន្រ្តីបានឱ្យដឹងថា កម្អែរដីភក់ ថ្ម និងកំទេចកំទីផ្សេងៗទៀត វាយប្រហារផ្ទះលើ១ខ្នង ដែលមានសមាជិក ៥នាក់កំពុងរស់នៅ ក្នុងទីក្រុង Gamagori នៃខេត្ត Aichi កាលពីល្ងាចថ្ងៃអង្គារ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាច្រើនម៉ោង។ ប៉ុន្ដែសមាជិកម្នាក់ ក្នុងចំណោមសមាជិក ៥នាក់ នៃគ្រួសារខាងលើត្រូវបានជួយសង្រ្គោះ ខណៈ ៤នាក់ទៀតនៅបន្ដបាត់ខ្លួន។

បើតាមអាជ្ញាធរឧតុនិយមជប៉ុន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន ថា ភ្នាក់ងារអាកាសធាតុអាចនឹងចេញការជូនដំណឹងអំពីភ្លៀងធ្លាក់ខ្លាំងបន្ដទៀត សម្រាប់ខេត្ត Kagoshima រួមទាំងទីប្រជុំកោះ Amani នៅថ្ងៃពុធ នេះ។

យ៉ាងណាម៉ិញ ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានលុបចោលជើងហោះហើររាប់សិបជើង ខណៈសេវារថភ្លើងល្បឿនលឿនមួយចំនួនក៏អាចនឹងត្រូវផ្អាកនៅសប្តាហ៍នេះដែរ អាស្រ័យលើទិសដៅបក់បោកនៃព្យុះទីហ្វុង Shanshan ដែលគេរំពឹងថា នឹងធ្វើដំណើរឆ្ពោះទៅកាន់កោះ Kyushu ភាគខាងត្បូងក្នុងសប្តាហ៍នេះ។
សូមជម្រាបថា ព្យុះទីហ្វុង Shanshan កើតឡើងក្រោយព្យុះទីហ្វុង Ampil និងព្យុះ Maria វាយប្រហារប្រទេសជប៉ុននាខែសីហា នេះ ដោយរំខានដល់ជើងហោះហើរ សេវារថភ្លើងរាប់រយជើង រួមទាំងបណ្ដាលឱ្យមានមនុស្សរងរបួសផងដែរ៕

