ជន​ល្មើស​ចំនួន ៦​នាក់​ជា​មួយ​គ្រឿង​ញៀន ជិត​៤០០​គីឡូក្រាម ត្រូវ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ចុះ​បង្ក្រាប​បាន​នៅ​៣​ទីតាំង​ផ្សេង​គ្នា​ក្នុង​រង្វង់​រាជធានី​ភ្នំពេញ​។ ទីតាំង​ទី​១ ស្ថិត​នៅ​ចំណុច បុរី​ផុងស៊ុយ សង្កាត់​កាកាប១ ខណ្ឌ​ពោធិ៍​សែន​ជ័យ, ទីតាំងទី២ ស្ថិត​ក្នុង​ផ្ទះ​មួយ នៅ​ភូមិ​ទួល​សំពៅ សង្កាត់​ទួល​សង្កែ១ ខណ្ឌ​ឫស្សី​កែវ និង​ទីតាំង​ទី៣ ស្ថិត​នៅ​ចំណុច បុរី​លឹម​ឈាង​ហាក់ ហ្គ្រីនហូម ផ្ទះ​លេខ​១៦D ផ្លូវ​លេខ​២A ភូមិ​កំរៀង សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។

ជន​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន ទាំង​៦​នាក់ សុទ្ធ​តែ​ជា​ជន​ជាតិ​ខ្មែរ អាយុ​ចន្លោះ​ពី ២៣ ដល់៥១ឆ្នាំ ក្នុងនោះមានស្ត្រី២នាក់ដែរ។

ចំណែក​ឯ​វត្ថុ​តាង​ដែល​ឃាត់​បាន​រួម​មាន៖ គ្រឿង​ញៀន​ប្រភេទ​មេតំហ្វេតាមីន (ICE) ២៥៤ ២៩២. ៤០ក្រាម (២៥៤.២៩ គក.), គ្រឿង​ញៀន​ប្រភេទ​កេតតាមីន (Ketamine) ១២៧ ៦០៦.៨០ក្រាម (១២៧.៦០ គ.ក.), គ្រឿងញៀនហេរ៉ូអ៊ីន (Heroine) ៧ ៧០០ក្រាម (៧.៧ គ.ក.)។ សរុបគ្រឿងញៀនទាំង៣ករណីស្មើនឹង ៣៨៩ ៥៩៩.២០ក្រាម (៣៨៩.៦០ គ.ក.)។ ជា​មួយ​គ្នា​នេះ​ក៏​មាន​រថយន្ត Pruise ១​គ្រឿង​ដែរ​។

មុន​នឹង​ឈាន​ទៅ​ដល់​ការ​បង្ក្រាប​បទល្មើស​រក្សាទុក ដឹកជញ្ជូន និង​ជួញ​ដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​ទាំង ៣​ករណី​នេះ កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន សហការ​ជា​មួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ បាន​ធ្វើ​ការ​ស៊ើប​អង្កេត​អស់​រយៈ​ជាង​៤ ទៅ ៥ ខែ រហូត​ដល់​ថ្ងៃ​ទី ២៤ ខែ​សីហា ឆ្នាំ ២០២៤ ទើប​សម្រេច​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​តែ​ម្ដង​។

នៅ​ព្រឹក​ថ្ងៃ​ទី ២៨ ខែ​សីហា ឆ្នាំ ២០២៤ នេះ ជន​ល្មើស​ទាំង ៦នាក់ និង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ ដើម្បី​បន្ត​នីតិវិធី​។

ពាក់ព័ន្ធ​នឹង​ករណី​ខាង​លើ​នេះ យោង​តាម​ច្បាប់ ស្ដីពី ការ​ត្រួត​ពិនិត្យ​គ្រឿងញៀន មាត្រា៤០ អំពី​បទល្មើស​រក្សាទុក ដឹកជញ្ជូន និង​ជួញ​ដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ត្រង់ វាក្យខណ្ឌ៧ បាន​ចែង​ថា៖

ត្រូវ​ផ្ដន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី ២០ (​ម្ភៃ​) ឆ្នាំ ទៅ ៣០ (​សាមសិប​) ឆ្នាំ ឬ​អស់​មួយ​ជីវិត និង ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី ៤០​.​០០០​.​០០០ (​សែសិប​លាន​) រៀល ទៅ ១០០​.​០០០​.​០០០ (​មួយ រយ​លាន​) រៀល ក្នុង​ករណី​ដែល​ការ​ប្រព្រឹត្ត​បទ​ល្មើស

​រក្សាទុក ដឹកជញ្ជូន និង​ជួញ​ដូរ​ដោយ​ខុសច្បាប់​នូវ សារធាតុ ម័រហ្វីន ហេរ៉ូអ៊ីន ឬ​កូកាអ៊ីន​មាន​បរិមាណ​សុទ្ធ ចាប់ពី ៨០ (ប៉ែតសិប) ក្រាម ឡើង​ទៅ និង​សារធាតុ អំហ្វេតាមីន មេតំហ្វេតាមីន ឬ​ម៉ិចស្តាស៊ី ដែលមាន​បរិមាណ​សុទ្ធ ចាប់​ពី ២៤០ (ពីរ​រយ សែសិប) ក្រាម ឡើង​ទៅ​៕

Share.