ប៉ារីស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយកាលពីថ្ងៃអង្គារ សប្ដាហ៍នេះថា ទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងប៉ារីស បានធ្លាក់ដល់ចំណុចទាបបំផុត បន្ទាប់ពីការចាប់ខ្លួនស្ថាបនិក និងជា CEO របស់ក្រុមហ៊ុន Telegram លោក Pavel Durov។ នេះបើយោងតាមការចេញផ្សាយដោយសារទីភ្នាក់ងារព័ត៌មាន Yahoo news នាថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០២៤។

រដ្ឋអាជ្ញាបារាំង បាននិយាយកាលពីថ្ងៃចន្ទ ថា លោក Durov ដែលមានសញ្ជាតិរុស្សី និងបារាំង ត្រូវបានចាប់ខ្លួននៅជិតទីក្រុងប៉ារីស ​​កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍ ក្រមខណ្ឌនៃការស៊ើបអង្កេតលើឧក្រិដ្ឋកម្មទាក់ទងនឹងការបង្ហោះរូបភាពនៃការរំលោភបំពានផ្លូវភេទលើកុមារ ការជួញដូរគ្រឿងញៀន និងការបោកប្រាស់នៅលើបណ្ដាញទំនាក់ទំនង Telegram។

ទាក់ទិននឹងបញ្ហានេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Lavrov បាននិយាយកាលពីថ្ងៃអង្គារ ថា ការចាប់ខ្លួនលោក Durov បានធ្វើឱ្យទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងប៉ារីសធ្លាក់ចុះដល់កម្រិតទាបបំផុតរបស់ពួកគេ ក្នុងពេលដែលទំនាក់ទំនងរវាងប្រទេសទាំង២ កំពុងដុនដាបស្រាប់នារយៈពេលប៉ុន្មានខែចុងក្រោយនេះ។

ជាមួយគ្នា អាជ្ញាធរបារាំង បានចោទប្រកាន់រុស្ស៊ីថា បានព្យាយាមធ្វើឱ្យមានអស្ថិរភាពនៅមុនការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស ដើម្បីឆ្លើយតបទៅនឹងជំហររបស់ខ្លួនចំពោះសង្គ្រាមអ៊ុយក្រែន។

អ្នក​នាំពាក្យ​ការិយាល័យ​រដ្ឋអាជ្ញា​ក្រុង​ប៉ារីស ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ការ​ឃុំខ្លួន​លោក Durov ត្រូវ​បាន​ពន្យារ​ពេលដល់​ទៅ ៤៨ម៉ោង​ រហូតដល់ថ្ងៃពុធ សប្ដាហ៍នេះ (ម៉ោងនៅបារាំង)។ បន្ទាប់ពីនោះ រដ្ឋអាជ្ញានឹងសម្រេចថាត្រូវចោទប្រកាន់ ឬដោះលែង CEO រូបនោះ។ ប្រសិនបើលោក Durov ប្រឈមមុខនឹងការចោទប្រកាន់ជាផ្លូវការ នោះចៅក្រមបារាំងអាចនឹងពិចារណាលើ ការឃុំខ្លួនរូបលោកជាបណ្ដោះអាសន្ន ដើម្បីរង់ចាំសវនាការកាត់ទោស។

ដោយឡែកអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទមួយកាលពីថ្ងៃអង្គារ ថា «ប្រទេសរុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការគាំទ្រចាំបាច់ទាំងអស់ សម្រាប់លោក Durov ដោយសារលោកជាពលរដ្ឋរុស្ស៊ី ប៉ុន្តែថា សញ្ជាតិបារាំង របស់លោក Durov នឹងធ្វើឱ្យស្ថានភាពរបស់លោកកាន់តែស្មុគស្មាញ ដោយលោក Durov ក៏កាន់លិខិតឆ្លងដែន UAE ផងដែរ»។

លោក Peskov បាននិយាយថា «ការចោទប្រកាន់ពិតជាធ្ងន់ធ្ងរណាស់។ យើងត្រូវការភស្ដុតាងជាក់លាក់មួយ បើមិនដូច្នេះទេ ពួកគេនឹងក្លាយជាការប៉ុនប៉ងដោយផ្ទាល់ ដើម្បីកំណត់សេរីភាពនៃការទំនាក់ទំនង»។

យ៉ាងណាគេនៅ​តែ​មិន​ទាន់ច្បាស់​ថា​ តើ​លោក Durov បាន​ដឹង​អំពី​ការ​គំរាម​ចាប់​ខ្លួន​នៅ​ប្រទេស​បារាំង​ដែរឬ​ក៏អត់។ ខណៈមេធាវីជនជាតិបារាំងរបស់លោក Durov មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយទេ៕

ប្រភព៖ Yahoo news

Share.