ភ្នំពេញ៖ យុវជន២ក្រុមជិះម៉ូតូដេញវាយគ្នាពេញផ្លូវ ជ្រុលចង្កូតទៅបុករថយន្តចំផ្នែកខាងមុខយ៉ាងពេញទំហឹងបណ្តាលឱ្យយុវជនម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ ឯ៣នាក់ទៀតរងរបួសធ្ងន់ កាលពីវេលាម៉ោង ០៩:៤០នាទីយប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីទីតាំងកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញ យុវជន២ក្រុម ជិះម៉ូតូ២គ្រឿងបានប្រដេញវៃគ្នា ដោយភាគីមួយម្ខាងជិះម៉ូតូម៉ាក ឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AZ-9680 ទិសដៅពីត្បូងទៅជេីងស្របទិសដៅជាមួយម៉ូតូមួយគ្រឿងទៀត ម៉ាក NEX ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1KH-1109 ខណៈម៉ូតូទាំង២គ្រឿងកំពុងជិះប្រដេញវាយគ្នាក្នុងលឿន បានរេចង្កូតទៅបុករថយន្តមួយគ្រឿងម៉ាក TOYOTA RAIZE ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ: 2BQ- 5005 បេីកបរទិសដៅពីជេីងទៅត្បូង បត់ចូលបុរី ក៏ត្រូវបុកចំផ្នែកខាងមុខនៃរថយន្ត បណ្តាលឱ្យភាគីអ្នកជិះម៉ូតូ ឌ្រីមសង់ ស្លាប់ភ្លាមៗនៅនឹងកន្លែង និងភាគីខាងម៉ូតូ NEX រងរបួសធ្ងន់៣នាក់ ត្រូវបានបញ្ចូនទៅសង្រ្គោះបន្ទាន់ភ្លាមៗផងដែរ។

ជនរងគ្រោះបាត់បង់ជីវិតមានឈ្មោះ រាជ អាយុ១៨ឆ្នាំ មានទីលំនៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ បានចុះធ្វេីការវាល់វែង រួចស្ទួចរថយន្ត រួមទាំងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ ទ្រុយ វិច្ឆិកា

Share.