កំពង់ចាម៖ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម កែវ រតនៈ នៅព្រឹកថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៤ នេះ បានថ្លែងថា ក្រសួងជំរុញឲ្យក្រុមហ៊ុន ត្រូវធ្វើឲ្យផលិតផលកាន់តែមានគុណភាព អាចនាំចេញទៅទីផ្សារក្រៅប្រទេសឲ្យបានច្រើន នោះទើបមានលទ្ធភាព ធ្វើឲ្យប្រាក់ខែកម្មកររឹតតែប្រសើរឡើង ។

ក្នុងពិធីសំណេះសំណាលជាមួយបុគ្គលិក កម្មករ ក្រុម ហ៊ុន ឡុងស្រេង ប្រមាណជា ១.៣៣០នាក់ ស្ថិតនៅក្នុងឃុំបឹងកេត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម លោកឧកញ៉ា ហេង ឡុង ប្រធានក្រុមហ៊ុន ឡុង ស្រេង អ៊ីនធើណេស៉ីនណល បានឲ្យដឹងថា ក្រុមហ៊ុនមានផ្ទៃដីសរុបជិត ៧០០០ហិកតា ក្នុងនោះផ្ទៃដីចម្ការ កៅស៊ូ ជាង ៣០០០ ហិចតា ផ្ទៃដីចំការចេក មានជាង ២០០០ហិកតា ផ្ទៃដីដាំទុរេនមានជាង ៥០០ ហិចតា ផ្ទៃដីចម្ការតាង៉ែន ២០០ ហិកតា និងផ្ទៃដីដាំក្រូចថ្លុងមាន ៧០ ហិកតា ។ ទន្ទឹមនឹងនេះ ការនាំចេញកៅស៊ូបានប្រមាណជា ៤៥០០តោន និងចេក ៩ម៉ឺនតោន ក្នុង១ឆ្នាំ ។ 

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម កែវ រតនៈ បានមានប្រសាសន៍ថា ក្រោយពីការចុះពិនិត្យសង្វាក់ផលិតកម្មការងារកសិកម្មរបស់ក្រុមហ៊ុន ឡុង ស្រេង នេះ លោកនឹងប្រមូលទិន្នន័យ ដើម្បីពិភាក្សាជាមួយម្ចាស់ក្រុមហ៊ុន ដើម្បីធ្វើឲ្យផលិតផលកាន់តែមានគុណភាព នាំចូលទីផ្សារ ជាពិសេសទីផ្សារក្រៅប្រទេស ឲ្យបានច្រើន ក្នុងគោលបំណង ឲ្យក្រុមហ៊ុនមានចំណូលច្រើន និងមានលទ្ធភាព ក្នុងការដំឡើងប្រាក់ខែ ជូនបុគ្គលិក កម្មករ លើសប្រាក់ខែបច្ចុប្បន្ន ។ 

ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍លើកទឹកចិត្តឲ្យបុគ្គលិក កម្មករទាំងអស់ ខិតខំប្រឹងប្រែងធ្វើការងារទាំងអស់គ្នា ដើម្បីជួយជ្រោងក្រុមហ៊ុន ឱ្យមានដំណើរការល្អ ធ្វើឱ្យផលិតផលរបស់យើងកាន់តែទូលាយ នាំចេញទៅកាន់ទីផ្សារពិភពលោក ដែលទាំងនេះ ជាគោលដៅការពារការងារ និងពង្រីកការងាររបស់បងប្អូន ដើម្បីទទួលបានការឡើងប្រាក់ខែខ្ពស់ ៕

អត្ថបទ៖ អាចារ្យលាក់

Share.