កណ្តាល៖ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនយុវជនម្នាក់មកសួរនាំ បន្ទាប់ខឹងម្តាយមិនព្រមបើកទ្វារឱ្យខ្លួនចូលមើលទូរទស្សន៍ បែជាវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះខូចខ្ទេចខ្ទី កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១១:០០នាទី ស្ថិតនៅភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។

ជនសង្ស័យ ឈ្មោះ ឆុម សុខលី ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្បាលជ្រោយ ព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ ជនសង្ស័យកន្លងមកត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ព្រែកគយ ឱ្យធ្វើកិច្ចសន្យាចំនួន០៣លើករួចហើយ ករណីធ្វើឱ្យខូតខាតដោយចេតនា ចំនួន០២លើក និងគំរាមកំហែងថានឹងសម្លាប់ ០១លើក។

ចំំណែកជនរងគ្រោះឈ្មោះ ស្មិត ធូ ភេទស្រី អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល បានខូចខាតសម្ភារៈ ឆ្នាំងដាំបាយអគ្គិសនី ០១គ្រឿង កំសៀវដាំទឹក, កង្ហារ ០១គ្រឿង ,ធុងដែកអ៉ីណុកដាក់ទឹកកក ,ចានស្រាក់ កាដុងជ័រ។

តាមប្រភព័ត៌ព័ត៌មានបានឱ្យដឹងថា កន្លងមកជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀន ទើបតែឈប់ប្រើរយៈពេលប្រមាណជា១០ថ្ងៃមកទេ ហើយក៏ធ្លាប់វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះជាញឹកញាប់។ ជាក់ស្តែងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោងកើតហេតុ ជនរងគ្រោះត្រូវជាម្ដាយ កំពុងតែចិតបន្លែធ្វើម្ហូប ស្រាប់តែជនសង្ស័យត្រូវជាកូនបានស្រែកខ្លាំងៗមកម្ដាយ ឱ្យបើកទ្វារឱ្យខ្លួនដើម្បីបើកទូរទស្សន៍មើល តែជនរងគ្រោះពុំបានបើកទ្វារឱ្យជនសង្ស័យចូលទេ ពេលនោះជនសង្ស័យខឹងនិងម្ដាយ បានវាយបំផ្លិចបំផ្លាញសម្ភារៈក្នុងផ្ទះធ្វើឱ្យខូចខាតទ្រព្យសម្បត្តិមួយចំនួន ភ្លាមៗ ជនរងគ្រោះបានរត់គេចចេញពីក្នុងផ្ទះ និងបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ ឱ្យជួយអន្តរាគមន៍។

ក្រោយពីទទួលបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ និងបាននាំខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
អត្ថបទ៖ កណ្តាល

