បាងកក៖ អាជ្ញាធរថៃបាននិយាយនាថ្ងៃពុធ សប្ដាហ៍នេះថា យ៉ាងហោចណាស់មនុស្ស ៦នាក់បានស្លាប់ និងមនុស្សជាង ៣០នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយកន្លែងក្នុងប្រទេសថៃ បន្ទាប់ពីបានផឹកស្រាដែលមានសារធាតុមេតាណុលច្រើនលើសលប់ បណ្ដាលឱ្យអ្នកជំងឺឡើងជាតិអាស៊ីតក្នុងក្រពះខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានក្នុងស្រុករបស់ថៃ Khaosod នាថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០២៤។

រដ្ឋបាលក្រុងបាងកក បាននិយាយថា ការស្លាប់នេះច្រើនតែកើតឡើងនៅក្នុងសង្កាត់ ខុងសាមវ៉ា ភាគពាយ័ព្យនៃទីក្រុងបាងកក ដែលជាកន្លែងដែលអាជ្ញាធរបានរកឃើញកន្លែងលក់គ្រឿងស្រវឹងខុសច្បាប់ចំនួន ១៩កន្លែង។


រដ្ឋបាលក្រុងបាងកក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «មនុស្សប្រាំមួយនាក់បានស្លាប់នៅមន្ទីរពេទ្យ និងមនុស្ស ៣៧នាក់ទៀតរងរបួស ខណៈមនុស្ស ៩នាក់បានជាសះស្បើយ កាលពីព្រឹកថ្ងៃពុធ សប្ដាហ៍នេះ»។

សូមជម្រាបថា បច្ចុប្បន្នអ្នកជំងឺកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមានចំនួន ២២នាក់ ក្នុងនោះ ៧នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ កំពុងដាក់ឧបករណ៍ជំនួយផ្លូវដង្ហើម៕

