សិល្បៈជាតិ៖ ដូចសារព័ត៌មានត្រយងបានផ្សាយជូនកន្លងមកថា យុវតីកម្ពុជាវ័យ ១៣ ឆ្នាំស្គាល់ឈ្មោថា ម៉ូលី បានចេញទៅចូលរួមប្រឡងប្រជែងនៅកម្មវិធីដើរម៉ូដ 2024 SEASON 7 CHINESE STAR CHILD MODEL NATIONAL FINALS រយៈពេល ៣ ថ្ងៃប្រទេសចិន។


ជាលទ្ធផលដ៏ធំធេងបំផុត យុវតីកម្ពុជារូបនេះបាននាំមោទនភាពមកជូនជាតិមាតុភូមិវិញ ដោយតាមរយៈការប្រឡងប្រជែងសមត្ថភាពនៅប្រទេសចិនលើកនេះ យុវតី ម៉ូលី បានឈ្នះពានរង្វាន់ចំនួន ៥ និងពានកិត្តិយសមួយរួមមាន៖
១- ទទួលបានពាន ១ ពីការដើរបើកកម្មវិធី
២- ទទួលបានពានមាស Top 5 ពី PK (Player Killer) Competition (ក្នុងចំណោមបេក្ខភាព 958 នាក់)
៣- ទទួលបានពានមាស Top 1 ពី Dress Competition (ក្នុងចំណោមបេក្ខភាព 368 នាក់)
៤- ទទួលបានពានមាស Top 4 ពី P & G Competition Clothes (ក្នុងចំណោមបេក្ខភាព 1.125 នាក់)
៥- ទទួលបាន ពាន សំរិទ្ធ ១ ពី CP Competition (ក្នុងចំណោមបេក្ខភាព 135 គូ)
៦- MOJIE Brand Show។

បញ្ជាក់មកអ្នកសារព័ត៌មានជាតិ យុវតី ម៉ូលី បានឱ្យដឹងថា មូលហេតុនៃការចូលរួមប្រកួតលើកដំបូងនេះ ខ្លួនមានបំណងបង្ហាញអំពីសមត្ថភាព ទេព្យកោសល្យដ៏អស្ចារ្យ និងទំនុកចិត្តលើអ្វីដែលខ្លួនមាន ជាពិសេសទៀតនោះ ខ្លួនក៏មានឆន្ទៈចង់បង្ហាញឱ្យពិភពលោកបានដឹង និងស្គាល់ពីប្រទេសកម្ពុជាឱ្យកាន់តែច្រើនឡើងថែមមួយកម្រិតទៀត។
ម៉ូលីឱ្យដឹងទៀតថា នៅលើវេទិកាអន្តរជាតិ ខ្លួនបាននិយាយលើកឡើងពីផ្សព្វផ្សាយវប្បធម៌ អរិយធម៌ និងតំបន់ទេសចរណ៍សំខាន់ៗនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលជាប្រទេសផ្ដល់កំណើត ។
នៅក្នុងការប្រកួតប្រជែងសមត្ថភាពលក្ខណៈជាតិដ៏ធំមួយរបស់ប្រទេសចិននេះ ខ្លួនក៏ទទួលបានការជ្រួយជ្រោមជ្រែងពីអ្នករចនាម៉ូត អូលីវ៉ាគង់ និងអញ្ជើញចូលរួមជាកិត្តិយសក្នុងការដើរបង្ហាញជាមួយខ្លួននៅលើវេទិកាអន្តរជាតិមួយនេះផងដែរ។
គួរសង្កេតដែរថា កុមារី ម៉ូលី ឬមានឈ្មោះពិត ផុស្សតី និងបាននាំយកមកនូវសម្លៀកបំពាក់សហសម័យ ទេពអប្សរបរមវិស្ណុលោក ទៅគ្រងបង្ហាញនៅក្នុងកម្មវិធីបើកដ៏អស្ចារ្យរហូតអទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ប្រជាជនចិនដែលបានចូលរួមទស្សនាផ្ទាល់។
គួររំលឹកដែរថា នេះជាលើកដំបូងហើយដែលកុមារីកម្ពុជាមានវ័យ ១៣ ឆ្នាំទទួលបានឳកាសបានចូលរួមប្រឡងប្រកួតប្រជែងនៅក្នុងវិស័យដើរម៉ូតនៅទីក្រុង Changsha (ឆាងសា) ខេត្ត Hunan (ហួណាន) សាធារណរដ្ឋប្រជាមានិតចិន៕

