ភ្នំពេញ ៖ ម៉ូតូហុងដាឌ្រីមមួយគ្រឿងជិះដោយបុរសម្នាក់ជាកម្មកររោងចក្រ លើបញ្ច្រាសទិសដៅចរាចរណ៍ ជ្រុលទៅបុកជាមួយម៉ូតូហុងដាឌ្រីមមួយគ្រឿងទៀតកំពុងជិះលើផ្លូវអថិភាព បណ្តាលឱ្យរងរបួសធ្ងន់ខ្លួនឯង កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងរបួស ឈ្មោះ ភឿន កុងធាន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់ភូមិព្រៃសុពណ៌ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AG-0825 ។
តាមប្រភពនៅកន្លែងបានឱ្យដឹងថា ជារៀងរាល់ព្រឹកល្ងាចទៅហើយ បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករ គាត់ជិះម៉ូតូលើផ្លូវបញ្ច្រាសទិសដៅចរាចរណ៍ទៅរោងចក្រតែម្តង បង្កគ្រោះថ្នាក់ញឹកញាប់ ហើយនៅព្រឹកនេះ ម៉ូតូហុងដាឌ្រីម ពាក់ស្លាកលេខ ភ្នំពេញ 1AG-0825 ជិះលើផ្លូវបញ្ច្រាស ពីត្បូងទៅជើង ដល់ចំណុចកើតហេតុ បង្គ្រោះថ្នាក់ដល់អ្នកដទៃ ដោយបុកជាមួយម៉ូតូហុងដាឌ្រីម សេរី២០២៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KU-4090 កំពុងជិះលើផ្លូវអថិភាព ពីជើងទៅត្បូង បណ្តាលឱ្យរងរបួសធ្ងន់ខ្លួនឯង។

ក្រោយកើតហេតុជនរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ តាងសែនជ័យ

