សិល្បៈអន្តរជាតិ៖ ផលិតកម្មយក្សរបស់​កូរ៉េ​ខាង​ត្បូង SM Entertainment បាន​ចេញ​សេចក្ដីប្រកាស​ជាផ្លូវការ​មួយថា Moon Taeil សមាជិក​ក្រុម​ចម្រៀង​ NCT បាន​ចេញ​ក្រុម​ហើយ ក្រោយ​រក​ឃើញថា​តារារូប​នេះ​មាន​ជាប់ពាក់ព័ន្ធ​នឹង​រឿង​ក្ដីរំលោភ​ផ្លូវភេទ ខណៈ​ដែល​ពេល​នេះ​ Taeil ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ស៊ើបអង្កេត​ និង​សាកសួរ។

យោងតាម​សេចក្ដី​ថ្លែងការរបស់​ផលិតកម្ម​ SM ៖ កាលពីពេល​ថ្មីៗនេះ​ ពួកយើ​ងបាន​បញ្ជាក់រួចហើយ​ថា​ Taeil ត្រូវ​បាន​ប្ដឹង​នៅ​ក្នុង​រឿង​ក្ដីព្រហ្មទណ្ឌមួយដែល​​មាន​ពាក់ព័ន្ធ​នឹង​ករណី​ល្មើស​ផ្លូវ​ភេទ​ ពួកយើង​ជ្រាបច្បាស់ណាស់ថា​ បញ្ហា​ដែល​កើត​ឡើង​នេះ​វា​មាន​សភាពធ្ងន់ធ្ងរ​បំផុត ស្របពេល​ជាមួយ​គ្នា​នេះ​ដែរ​ រឿង​នេះក៏កំពុងស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ស្វែងរក​ការពិត​ផង​ដែរ​ ដូច្នោះ​ហើយ ទើប​ខាង​ផលិតកម្ម​សម្រេចចិត្ត​ថា Taeil មិន​អាច​ចូលរួម​នៅ​ក្នុង​សកម្មភាព​ផ្សេងៗជាមួយ​នឹង​​ក្រុម NCT បាន​ទៀតនោះ​ឡើយ។

បន្ទាប់​ពីពិភាក្សាគ្នាជាមួយ​នឹង​ Taeil ដើម្បី​រក​ច្រក​ចេញ​ ទីបំផុត​ពួក​យើង​បាន​សម្រេចចិត្ត​ឱ្យ​គេ​ចេញ​ពី​ក្រុម​ ខណៈដែល​សាមីខ្លី Taeil បាន​បើកដៃ​ចូលរួម​សហការជាមួយនឹង​សមត្ថកិច្ច​ពេញទំហឹង​ ប្រសិន​បើ​ការ​ស៊ើបអង្កេត​ករណីនេះ​មាន​អ្វី​ថ្មី​ឬ​ប្រែ​ប្រួល​ត្រង់​ណា​ខាង​ផលិតកម្ម​នឹង​ជូន​ជា​ដំណឹង​បន្ថែម​ ជាចុង​ក្រោយ​ខាង​ផលិតកម្ម​ SM ក៏​បាន​សូម​ទោស​ទៅ​កាន់​អ្នក​គាំទ្រ​ខ្លួន​ជា​ពិសេស​ក្រុម​ចម្រៀង​ NCT ថា សូម​អភ័យទោស​ចំពោះ​បញ្ហាចម្រូងចម្រាស​ដែល​កើត​មាន​ដោយ​សារតែសិល្បករ​យើង​ខ្ញុំ​ផង​។

សូម​ជម្រាបជូន​ថា Moo Taeil ត្រូវ​បាន​អ្នក​គាំទ្រ​ទាំងក្នុង​និង​ក្រៅប្រទេស ស្គាល់​ឈ្មោះ​គេថា​ Taeil សមាជិក​ម្នាក់​នៃ​ក្រុម​ NCT127 ដែលស្ថិត​នៅ​ក្នុង​ក្រុម NCT ក្រុម​ចម្រៀង​បុរស​នាំ​មុខ​គេ​មួយរបស់​តន្ត្រី K-Pop ដោយបាន​ប្រឡូក​ចូល​សិល្បៈកាល​ពី​ឆ្នាំ​២០១៦ Taeil មាន​ឈ្មោះល្បីល្បាញ​ដោយ​សារ​តែ​មាន​សមត្ថភាព​ច្រៀង​បាន​ល្អ និង​មាន​តួនាទីជា​អ្នក​ចម្រៀង​គោល​របស់​ក្រុម ដោយ​គេ​ក៏ជា​សមាជិក​ម្នាក់ដែល​មាន​អាយុ​ច្រើន​ជាងគេក្នុង​ក្រុម​ផង​ដែរ។

មុន​នឹង​មាន​បញ្ហា​ចម្រូងចម្រាសនិង​រឿង​ក្ដីជាប់​ខ្លួន Taeil ក៏ធ្លាប់​ជួប​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ម៉ូតូ ពេល​ធ្វើ​ដំណើរ​ត្រលប់​ទៅផ្ទះវិញក្រោយ​បំពេញ​ការងារ​ចប់​​ ដែល​ធ្វើ​ឱ្យគេ​ខកខាន​មិន​បាន​ចូលរួម​ក្នុង​ការ​ប្រគំន្ត្រី NCT Nation: To The World និង​ ការ​ប្រគំតន្ត្រី NCT127 2ND Tour Neo City: Bangkok នា​ប្រទេស​ថៃ​ផងដែរ៕

Share.