ភ្នំពេញ៖ គ្រោះថ្នាក់ចរឆចរណ៍រវាងរថយន្តដឹកទំនិញពីរគ្រឿងបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឱ្យខូចខាតយ៉ាងទាំងសងខាង ការវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី២៨ ខែសីហាឆ្នាំ ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងទួលពង្រ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តដឹកទំនិញធុនតូចមួយគ្រឿងម៉ាកKAI ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BG-7421 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងទួលពង្រ ទិសដៅពីលិចមកកើតខណៈមកដល់ចំណុចកើតហេតុ ក៏មានរថយន្តសណ្ដោងរម៉កដឹកទំនិញធុនធំមួយគ្រឿង ពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ3B-5738 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមផ្លូវបេតុងទួលពង្រ ទិសដៅពីកើតទៅលិចច្រាស់ទិសដៅគ្នា សង្ស័យអ្នបើកបរស្រវឹងស្រាបើករថយន្តរេចង្កូតមកឆ្វេងដៃបុកជាមួយរថយន្តម៉ាកKAI ពេញទំហឹងបណ្ដាលអោយរថយន្តទាំង២គ្រឿងខូចខាតទាំងសងខាង សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុធ្វើការបាញ់ថ្នាំយករថយន្តទាំងពីរគ្រឿងដាក់អែបខាងបញ្ចៀសការកកស្ទះចរាចរណ៍ បន្ទាប់មកដោយមានតំណាងខាងភាគីរថយន្តធុនធំបានមកធ្វើការដោះស្រាយសងសំណងជួសជុលទៅអោយភាគីខាងរថយន្តដឹកទំនិញធុនតូចដើម្បីបញ្ចប់រឿងនៅកន្លែងកើតហើយ៕

អត្ថបទ៖ សេង សាវី

Share.