ពានរង្វាន់លីគនារីកម្ពុជា Cambodian Women’s League រដូវកាល២០២៤-២៥ ធ្វើដំណើរបាន២សប្ដាហ៍ហើយ ស្របពេលដែលកីឡាការិនី សឹម ម៉ៃសំ របស់ក្រុមវិសាខា បង្កើតកំណត់ត្រាមុនគេ ដោយរកបានគ្រាប់បាល់រហូតដល់ទៅ១០គ្រាប់ម្នាក់ឯងក្នុង១ប្រកួត ក្នុងជ័យជម្នះលើក្រុមសលត៍ខេត្តបាត់ដំបង ១៨ទល់០ កាលពីពេលថ្មីៗ។

កីឡាការិនី សឹម ម៉ៃសំ ម្ចាស់អាវលេខ៣៧ប្រចាំក្រុមវិសាខា ជាខ្សែបម្រើមានវ័យ២៣ឆ្នាំ ត្រូវបានលោកគ្រូបង្វឹក វី លីកា ដាក់ឱ្យចូលប្រកួតលើទីលាន២ប្រកួតជាប់ៗគ្នា ខណៈកាលពីសប្ដាហ៍ទី១កន្លងទៅ រូបគេរកបានគ្រាប់បាល់២គ្រាប់ផងដែរ។
កាលពីសប្ដាហ៍ទី១កន្លងទៅ មិត្តរួមក្រុមគឺកីឡាការិនី ឌី សុធា បានរកគ្រាប់បាល់បានច្រើនជាងគេឱ្យក្រុមខ្លួន និងជាគ្រាប់បាល់ច្រើនជាងកីឡាការិនីដទៃ ពោលគឺ៦គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះរបស់ក្រុមវិសាខា លើក្រុម មីស្ទើរលេង ដោយលទ្ធផល ១៧ ទល់០។

គិតត្រឹម១០ប្រកួតមកនេះក្រុមទាំង១០ សមាជិកលីគនារីកម្ពុជា ទាត់បញ្ជូលទីគ្នាទៅមកកើនដល់៩២គ្រាប់ហើយ ក្នុងនោះវិសាខា រកបាន៣៥គ្រាប់ច្រើនជាងក្រុមដទៃ ហើយក្រុមសលត៍ខេត្តបាត់ដំបង និងក្រុមខេត្តកំពង់ឆ្នាំង នៅមិនទាន់បំប៉ោងសំណាញ់ទីគូប្រកួតបាននៅឡើយ។
ដោយឡែកបើមើលបញ្ជីឈ្មោះកីឡាការិនី ដែលស្ថិតនៅតំបន់ Top Scores វិញមានដូចជា៖
១) សឹម ម៉ៃសំ របស់វិសាខា រកបាន១២គ្រាប់
២) ឌី សុធា របស់វិសាខា រកបាន១០គ្រាប់
៣) ឈិត សាភឿន របស់ព្រះខ័នរាជស្វាយរៀង រកបាន៦គ្រាប់
៤) គ្រឺន ស្រីបុល របស់វិសាខា រកបាន៤គ្រាប់
៥) ហុក សៅឌី របស់ណាហ្គាវើលដ៍ រកបាន៤គ្រាប់
៦) យ៉ែម ជីវ៉ា របស់ណាហ្គាវើលដ៍ រកបាន៤គ្រាប់

សូមបញ្ជាក់ថាលីគនារីកម្ពុជា តម្រូវឱ្យក្រុមទាំង១០ប្រកួតគ្នាវិលជុំចំនួន២ជើងហើយក្រុមដែលមានពិន្ទុច្រើនជាងគេមានឈ្មោះបន្តប្រកួតវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ ដោយក្រុមលេខ៣ ប៉ះក្រុមលេខ៤ រកអ្នកឈ្នះឡើងទៅប៉ះក្រុមលេខ២ ខណៈក្រុមលេខ១ មានឈ្មោះចាំប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ។
តាមគម្រោងការប្រកួតធ្វើនេះចាប់ផ្ដើមពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយការប្រកួតត្រូវធ្វើ Home/Away លើទឹកដីរបស់ក្រុមទាំង១០ម្តងម្នាក់៕

