កណ្តាល៖ កម្លាំងសម្ថកិច្ចកំពុងតាមចាប់ជនសង្ស័យ ក្រោយធ្វើសកម្មភាព ចូលរួចកាច់កម៉ូតូមួយគ្រឿង កាលពី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០១:៣០នាទីអធ្រាត្រ នៅចំណុច ភូមិជ័យឧត្ដម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះ ពេជ្រ ចាន់ទី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅបច្ចុប្បន្នភូមិជ័យឧត្ដម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានបាត់បង់១.ម៉ូតូ០១គ្រឿងម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៤ ពាក់ផ្លាកលេខ ភ្នំពេញ 1KT-5685 ។ លុយខ្មែរចំនួន១៨០,០០០រៀល ។ ទូរស័ព្ទ ០១គ្រឿងម៉ាក OPPO ។
ចំណែកជនសង្ស័យ ឈ្មោះ មាស សង្ហា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិអណ្តូងតាសី សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង កំពុងរត់គេចខ្លួនគេចខ្លួន ជនសង្ស័យកន្លងមកក៏ធ្លាប់ជាប់ពន្ធនាគារចំនួន ០២លើកផងដែរ ។

តាមសម្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃទី២៧ ខែសីហា ឆ្នំា២០២៤ វេលាម៉ោង០៩:៣៥នាទី ជនរងគ្រោះបានយកម៉ូតូ០១គ្រឿង យកមកដាក់ក្បែរគ្រែជាប់ក្បាលដំណេកក្រោមផ្ទះ និងបានចាក់សោកម៉ូតូត្រឹមត្រូវ ហើយយកសោម៉ូតូដាក់ក្នុងហោប៉ៅខោខូវប៊យភ្ជួរនៅនិងសសរផ្ទះ បន្ទាប់មកជនរងគ្រោះនិងប្ដី ក៏សម្រាន្តលង់លក់ជាមួយកូន ០២នាក់ទៀត ។
លុះដល់វេលាម៉ោង០១:០៥នាទីអធ្រាត្រ ប្ដីជនរងគ្រោះបានងើបមកបត់ជើងតូច ស្រាប់តែបាត់ម៉ូតូពីក្រោមផ្ទះ ភ្លាមៗប្ដីជនរងគ្រោះក៏ដើរឡើងទៅលើផ្ទះ យកសោម៉ូតូរបស់ប្អូនប្រុស ជិះរកមើលតាមផ្លូវជាតិលេខ១ ចំណែកជនរងគ្រោះក៏ឆែកមើលក្នុងហោប៉ៅខោរបស់ខ្លួន ក៏មិនឃើញប្រាក់ចំនួន១៨០,០០០រៀល និងទូរស័ព្ទដៃម៉ាក OPPO ០១គ្រឿងទៀត ។
លុះព្រឹកឡើង ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍សំរោងធំ ឱ្យជួយអន្តរាគមន៍ ក្រោយពីការស្រាវជ្រាវនិងសាកសួរជនរងគ្រោះថាម៉ូតូមានភ្ជាប់ GPS នៅនិងម៉ូតូ ភ្លាមនោះកម្លាំងសមត្ថកិច្ចបានឆែកតាមរយៈ GPS ឃើញទីតាំងម៉ូតូនៅក្នុងផ្ទះមួយកន្លែង ឋិតក្នុងភូមិអណ្តូងតាសី សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

បន្ទាប់ពីកំណត់ទីតាំងច្បាស់លាស់ហើយ កម្លាំងជំនាញស្រុកបានសុំគោលការណ៍មេចុះទៅសហការជាមួយកម្លាំងជំនាញក្រុងស្វាយរៀង ចុះដល់កន្លែងទុកម៉ូតូ ពេលទៅដល់ក៏ឃើញតែម៉ូតូជនរងគ្រោះ ចំណែកជនសង្ស័យគេចខ្លួនបាត់តាំងពីយប់មកម្លេះ ហើយកម្លាំងយើងបានដកហូតម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ៕
អត្ថបទ៖ កណ្តាល

