កណ្តាល៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីគំរាមកំហែងថានឹងសម្លាប់ជនរងគ្រោះ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ២០:៣០នាទីចំណុច ភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
ជនសង្ស័យឃាត់ខ្លួនបានមានឈ្មោះ ហាង ប៉ាងថុង ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្ងួនពេជ្រ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ត្រូវជាប្តីជនរងគ្រោះ ហើយក៏ធ្លាប់ជាប់ពន្ធនាគារព្រៃស ពីបទគំរាមកំហែងថានឹងសម្លាប់ ដោយយកកាំភ្លើងភ្ជង់។
វត្ថុតាងចាប់យក រថយន្ត Toyota Tacoma ពណ៌ក្រហម ០១គ្រឿង ផ្លាកលេខ 2AH-3162។ ចំណែកជនរងគ្រោះមានឈ្មោះ ទុយ ពិសី ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកផ្នែកHR មានទីលំនៅភូមិដំរីឆ្លង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។

តាមសម្ថកិច្ចបានឱ្យដឹងថា កន្លងមកជនសង្ស័យតែងតែគំរាមកំហែងរកសម្លាប់ជនរងគ្រោះជាញឹកញាប់ ជាក់ស្តែង នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១១:៣០នាទី ជនសង្ស័យបានតេទូរស័ព្ទហៅជនរងគ្រោះឱ្យជួបខ្លួន តែជនរងគ្រោះមិនបានទៅជួបជនសង្ស័យទេ ហើយជនសង្ស័យបាននិយាយគំរាមំហែងជនរងគ្រោះថា ថ្ងៃនិងអត់រួចខ្លួនទេ រួចហើយជនរងគ្រោះក៏បានបិទទូរស័ព្ទ។

លុះដល់វេលាម៉ោង ២០:០០នាទី ថ្ងៃដដែល ជនរងគ្រោះបានជិះម៉ូតូចេញពីធ្វើការនៅក្រុងតាខ្មៅ តាមផ្លូវជាតិលេខ២១ ដើម្បីត្រឡប់ទៅផ្ទះនៅភូមិដំរីឆ្លង ឃុំខ្ពប ខណៈពេលនោះជនរងគ្រោះបានជិះម៉ូតូមកដល់ស្តុបវត្តឈូងលៀប ស្រាប់តែជនសង្ស័យបានបើករថយន្ត Toyota Tacoma តាមពីក្រោយម៉ូតូរបស់ជនរងគ្រោះ រួចកៀរម៉ូតូឱ្យឈប់ តែជនរងគ្រោះមិនបានឈប់ម៉ូតូទេ រួចជនសង្ស័យបានបើកកញ្ចក់រថយន្ត ហើយបានស្រែកគំរាមកំហែងទៅជនរងគ្រោះថា បើមិនឈប់ម៉ូតូទេ អញបើកឡានបុកឱ្យងាប់ រួចហើយជនរងគ្រោះព្យាយាមបើកម៉ូតូមកដល់អធិការដ្ឋាននគរបាលស្រុកស្អាង ឱ្យជួយអន្តរាគមន៍ ឃាត់រថយន្ត និងជនសង្ស័យយកមកធ្វើការសាកសួរ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ៖ កណ្តាល

