ភ្លៀងមូសុងខ្លាំង និងទឹកជំនន់នៅក្នុងរដ្ឋ Gujarat របស់ប្រទេសឥណ្ឌា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៨នាក់ក្នុងរយៈពេល ៣ថ្ងៃកន្លងមកនេះ ដោយខ្លះបានស្លាប់ដោយសារការលង់ទឹកស្លាប់ និងខ្លះទៀតរងគ្រោះដោយសារដើមឈើបាក់រលំសង្កត់ពីលើ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០២៤។

ទីភ្នាក់ងារឧតុនិយមបានព្រមានថា នឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ នៅក្នុងរដ្ឋតាមបណ្ដោយឆ្នេរសមុទ្រភាគខាងលិច។

ជាមួយគ្នាអភិបាលរដ្ឋ មនុស្សជាង ៣០,០០០នាក់ បានភៀសខ្លួនចេញពីផ្ទះសម្បែង ខណៈច្រាំងទន្លេបានចាប់ផ្ដើមបាក់។ ខណៈកាសែត Indian Express បាននិយាយថា មនុស្ស ៣៥នាក់បានស្លាប់នៅទូទាំងរដ្ឋ Gujarat។

យ៉ាងណាម៉ិញមនុស្សប្រហែល ១,៨៥៦នាក់ត្រូវបានជួយសង្គ្រោះ ហើយមន្ត្រីកងទ័ពត្រូវបានដាក់ពង្រាយសម្រាប់ប្រតិបត្តិការជួយសង្គ្រោះដូចគ្នាដែរ ខណៈភូមិប្រមាណ ១,០០០ភូមិ បានដាច់ចរន្ដអគ្គិសនី។

សូមជម្រាបថា ភ្លៀងបណ្ដាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងធំធេងជារៀងរាល់ឆ្នាំ ប៉ុន្ដែអ្នកជំនាញបាននិយាយថា ការប្រែប្រួលអាកាសធាតុកំពុងបង្កឱ្យមានព្រឹត្តិការណ៍អាកាសកាន់តែអាក្រក់ និងញឹកញាប់ជាងមុន៕

ប្រភព៖ CNA

Share.