កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែសីហាឆ្នាំ២០២៤ បានបញ្ជូនក្រុមជនសង្ស័យ៥នាក់ ដែលឃាត់ខ្លួនបាន កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៤  ពាក់ព័ន្ធអំពើលួចមានស្ថានទម្ងន់ទោស (ប្លន់) ដោយ ព្រួតគ្នាប្រើមួកសុវត្ថិភាពវាយ និងធាក់ ដើម្បីយកម៉ូតូ) ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

សូមរំឭកថា កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ៤កន្លះទៀបភ្លឺ នៅចំណុចផ្លូវកប់ស្រូវ ស្ថិតនៅ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីប្លន់យកម៉ូតូ (ច្បាប់៖ អំពើលួចមានស្ថានទម្ងន់ទោស) មួយបានកើតឡើង បង្កឡើងដោយជនល្មើស ៧នាក់ ជិះម៉ូតូ ៣គ្រឿង ធ្វើសកម្មភាព ធាក់ដៃចង្កូតម៉ូតូរបស់ជនរងគ្រោះ ដែលកំពុងជិះគ្នា ២នាក់ បណ្តាលឲ្យដួលម៉ូតូ បន្ទាប់មកក្រុមជនសង្ស័យបានយកមួកការពារសុវត្តិភាព ដេញវាយ និងគប់ទៅលើជនរងគ្រោះ។ លុះពេលជនរងគ្រោះរត់ចោលម៉ូតូរបស់ខ្លួន ១គ្រឿង ម៉ាក SUZUKI NEX ពណ៌សលាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1IB-4233 ជនសង្ស័យក៏បានលើកម៉ូតូរបស់ជនរងគ្រោះ បើកគេចចេញពីកន្លែងកើតហេតុ។ នៅក្នុងហេតុការណ៍នេះ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋឃាត់ខ្លួននៅនឹងកន្លែង ចំណែកជនល្មើសផ្សេងទៀតបានជិះម៉ូតូរត់គេចខ្លួនបាត់អស់។

ជនរងគ្រោះឈ្មោះ អ៊ឹម ហ្គ្រិចឡុង ភេទប្រុស អាយុ ១៥ឆ្នាំ ជាសិស្ស មានទីលំនៅ ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ បានបាត់ម៉ូតូ ១គ្រឿង ម៉ាក SUZUKI NEX ពណ៌សលាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1IB-4233 ។

រហូតដល់វេលាម៉ោង ១១ ថ្ងៃដដែល នគរបាលក៏ឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀត ដែលជាអ្នកផ្តល់មធ្យោបាយឲ្យជនល្មើស នៅចំណុចបន្ទប់ជួលលេខ ២៥៣ ផ្លូវផ្សាររំចេក ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល និងបានបន្តស្រាវជ្រាវរហូតដល់វេលាម៉ោងជិត ១២ យប់ក្នុងថ្ងៃដដែល នគរបាលបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់បន្ថែមទៀត នៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្រ្ត ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងកិច្ចប្រតិបត្តិការណ៍នេះ កម្លាំងសមត្ថកិច្ចយើងចាប់ឃាត់ខ្លួនបានជនសង្ស័យសរុប ៥នាក់ សុទ្ធសឹងជាក្មេងៗ អាយុ១៨ឆ្នាំ និងមានម្នាក់អាយុ២១ឆ្នាំ ដែលសង្ស័យថា ជាអ្នកផ្ដល់មធ្យោបាយក្នុងការប្រព្រឹត្តបទល្មើស។ វត្ថុតាងចាប់យកបានរួមមាន ម៉ូតូ ៣គ្រឿង ដែល១គ្រឿងទើបប្លន់បានពីជនរងគ្រោះគ្រោះឈ្មោះ អ៊ឹម ហ្គ្រិចឡុង និង២គ្រឿងទៀត ដែលមានម៉ាក SUZUKI NEX ស៊េរីឆ្នាំ២០២៤ ពណ៌លឿងលាយស ពាក់ស្លាកលេខ ភ្នំពេញ 1KX-2932 និង HONDA DREAM ស៊េរីឆ្នាំ២០២៤ ពណ៌ខ្មៅ គ្មានស្លាកលេខ ជាមធ្យោបាយជិះប្រព្រឹត្តិបទល្មើស៕

ករណីកាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៤៖ https://troryorng.com/article/238037.html

អត្ថបទ៖ ចតុមុខ

Share.