តាកែវ ៖ រថយន្តតូយ៉ូតាPriusមួយគ្រឿង ជិះជាលក្ខណៈគ្រួសារ បើកបរល្បឿនលឿន ជ្រុលធ្លាក់ផ្លូវ ក្រឡាប់ចូលប្រឡាយទឹក បណ្តាលឱ្យស្លាប់៤នាក់ រងរបួសធ្ងន់ក្មេងប្រុសម្នាក់ ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ១៣២ ចន្លោះគីឡូម៉ែត្រលេខ ៣-៤ ស្ថិតក្នុងភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះស្លាប់៤នាក់ ទី១ ឈ្មោះ នុត នាក់ចាន់ណា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅ ភូមិប្រវង់ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ជាអ្នកបើកបររថយន្ត ។ ទី២ ឈ្មោះ ប្រាក់ វីរៈ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិកន្ទោកជេីង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ។ ទី៣ ឈ្មោះ គង់ ថៃ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិប្រវង់ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។ ទី៤ ឈ្មោះ ស៊ន សៀងលី ភេទស្រី អាយុ៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិប្រវង់ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។ ចំណែកក្មេងប្រុសម្នាក់រងរបួសធ្ងន់ ឈ្មោះ ស៊ន លីមីង ភេទប្រុស អាយុ០៤ឆ្នាំ មានទីលំនៅ ភូមិប្រវង់ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តPrius ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2BF-0867 ជិះជាលក្ខណៈគ្រួសារ មានគ្នា៥នាក់ បើកបរល្បឿនលឿនពីលិចទៅកើត ដល់ចំណុចកើតហេតុខ្វះការប្រុងប្រយ័ត្ន រេធ្លាក់ផ្លូវ ក្រឡាប់ចូលក្នុងប្រឡាយទឹក បណ្តាលឱ្យស្លាប់៤នាក់ របួសធ្ងន់ក្មេងប្រុសម្នាក់ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ បញ្ជូនក្មេងប្រុសរងរបួសធ្ងន់ម្នាក់នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ចំណែកសាកសពចំនួន៤នាក់ មាន៣នាក់ស្លាប់នៅកន្លែង ម្នាក់ស្លាប់នៅមន្ទីរពេទ្យ សមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តត្រូវបានស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋានស្រុក ៕
អត្ថបទ÷តាតុងសែនជ័យ
