ភ្នំពេញ ៖ យុវជនម្នាក់រងរបួសធ្ងន់ បាក់ដៃ បាក់ជើងឆ្វេង បន្ទាប់ពីបើករុឺម៉កម៉ូតូដឹកបន្លែ ងងុយដេក ងោកមួយភាំងរេចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ រលើងទ្រេតមួយដើម ដាច់ធ្លាក់អំពូល របួសបាក់ដៃឆ្វេង បាក់ជើងឆ្វេង ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ចំណុចភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ រិន វាសនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរលក់បន្លែ ស្នាក់នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រងរបួសបាក់ដៃឆ្វេង បាក់ជើងឆ្វេង ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រុឺម៉កម៉ូតូដឹកបន្លែ យកទៅលក់នៅផ្សារជម្ពូវ័ន ដោយបើកតាមផ្លូវជាតិលេខ៤ ល្បឿនលឿន ពីលិចទៅកើត ដល់ចំណុចកើតហេតុ អ្នកបើកបរងងុយដេក ងោកមួយភាំងរេចង្កូតជ្រុលបុកបង្គោលភ្លើងបំភ្លឺផ្លូវ រលើងទ្រេតមួយដើម របួសធ្ងន់ បាក់ដៃ បាក់ជើងឆ្វេង ។

ក្រោយកើតហេតុ ជនរងរបួសត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែករុឺម៉កម៉ូតូត្រូវបានប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ យកទៅរក្សាទុក រងចាំដោះស្រាយពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.