ភ្នំពេញ៖ យុវជនមួយក្រុមជិះម៉ូតូប្រាំមួយគ្រឿងមិនចាំស្លាកលេខ បានធ្វើសកម្មភាពជិះម៉ូតូមកកាក់ រួចយកមួកការពារនិងខ្សែក្រវាត់វ៉ៃបណ្តាលឲ្យយុវជនទាំងនោះភ័យរត់ចោលម៉ូតូរួចជនសង្ស័យលើកម៉ូតូជិះចេញទៅបាត់ដោយសុវត្ថិភាព។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២:៤០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមប្រភពពីជនរងគ្រោះបានដឹងថា ខ្លួននិងមិត្តភក្តិជិះម៉ូតូបីគ្រឿង ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ក្នុងទិសដៅពីកើតមកលិច លុះធ្វើដំណើរមកដល់ចំណុចកើតហេតុក៏មានយុវជនមួយក្រុម ជិះម៉ូតូប្រាំមួយគ្រឿង មិនចាំស្លាកលេខ បានមកកាក់ពីមុខហើយដកខ្សែក្រវាត់និងមួកការពារ វាយមកលើរូបខ្លួន ភ័យពេកក៏រត់ចោលម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ពណ៌ខ្មៅពាក់ស្លាកលេខកោះកុង 1C-3138 ហើយត្រូវក្រុមជនសង្ស័យលេីកជិះចេញទៅបាត់ដោយសុវត្ថិភាព។

ក្រោយពីកើតហេតុក៏មានវត្តមានរបស់សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចនាំយកជនរងគ្រោះយកទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ដង្កោ ដើម្បីតាមស្វែងរកជនដៃដល់យកមកចាត់ការតាមនីតិវិធី៕

អត្ថបទ៖ ត្រយងតូច

