ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ បាក់ដៃឆ្វេង បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ គ្រាដែលកំពុងបើកម៉ូតូសណ្តោងរុឺម៉កដឹកមើមដំឡូងសុខៗស្រាប់តែដាច់កង់ម្ខាងបណ្តាលឱ្យទាញក្រឡាប់ធ្លាក់ចូលក្នុងប្រឡាយ ។ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នៅតាមមហាវិថី សុីជីនពីង ចំណុចភូមិគោកខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ពៅ រដ្ឋា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិព្រែកក្របៅ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ។

តាមប្រភពបានឱ្យដឹងថា ជនរងគ្រោះ រាល់ល្ងាចតែងតែទៅទិញមើមដំឡូង នៅផ្សារគួរស្រូវ ខណ្ឌដង្កោ ដើម្បីយកទៅលក់បន្តនៅផ្សារជម្ពូវ័ន ពេលយប់ ហើយមុនកើតហេតុនេះ ជនរងគ្រោះបើកម៉ូតូសណ្តោងរុឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 1GH-2511 ដឹកមើមដំឡូង បើកតាមបណ្តោយមហាវិថី សុីជីនពីង ពីត្បូងទៅជើង ដល់ចំណុចកើតហេតុ រុឺម៉កបានដាច់កង់ខាងស្តាំ បណ្តាលឱ្យទាញក្រឡាប់ធ្លាក់ចូលក្នុងប្រឡាយ រងរបួសបាក់ដៃឆ្វេង ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ចំណែករុឺម៉កម៉ូតូ សមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ អូសយកទៅដោយខ្លួនឯង ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.