ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា នឹង​ត្រូវជួបម៉ាឡេស៊ី ដើម្បីប្រកួត​ដណ្តើម​ប្រាក់​រង្វាន់​សម្តេច​មហាបវធិបតី ហ៊ុន ម៉ាណែត SEA V.League Challenge ឆ្នាំ២០២៤ នៅ​ថ្ងៃ​ចន្ទ ទី​២ ខែ​កញ្ញា ឆ្នាំ​២០២៤ វេលាម៉ោង ៧:០០នាទីយប់​នេះ នៅ​ក្នុង​សាលពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក)។

មុនការប្រកួត​វគ្គផ្ដាច់​ព្រ័ត្រ​ដណ្ដើម​ចំណាត់​ថ្នាក់​លេខ១ មក​ដល់​ក៏​មាន​មួយគូ​ទៀត​ដែល​នឹង​ត្រូវប្រកួត​ដណ្ដើម​ចំណាត់​ថ្នាក់​លេខ៣ គឺ​ក្រុម​បាល់ទះ​សិង្ហបុរី ត្រូវជួបឡាវ នៅ​វេលាម៉ោង ៥:០០នាទីល្ងាចតទៅ។

ការ​ប្រកួត​ដណ្តើម​ប្រាក់​រង្វាន់​សម្តេច​មហាបវធិបតី ហ៊ុន ម៉ាណែត សម្រាប់​ក្រុម​ដែល​ជាម្ចាស់​ជើង​ឯក​ នឹង​ទទួល​បាន​ប្រាក់​រង្វាន់ ១០០លានរៀល លេខ២ នឹង​ទទួល​បាន ៣០លានរៀល លេខ៣ ទទួលបាន ២០លានរៀល
និង​លេខ៤ ទទួល​បាន ១០លានរៀល។

យ៉ាង​ណាក្ដី​ក្រុម​បាល់ទះ​បុរស​​ជម្រើស​ជាតិ​កម្ពុជា បាន​ដណ្តើម​​កៅអី​ឡើង​ទៅ​លេង​ក្នុង​​ពានរង្វាន់​បាល់ទះ​ប្រចាំ​តំបន់​អាស៊ាន​ ផ្នែក​បុរស SEA V.League ឆ្នាំ​២០២៥ ខាង​មុខ ក្រោយ​ឈរ​កំពូល​តារាង​នៅ​​ក្នុង​​ពានរង្វាន់ SEA V.League Challenge ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ ដែល​បាន​បញ្ចប់​នៅ​រាត្រី​ថ្ងៃ​អាទិត្យ ទី​១ ខែ​កញ្ញា ឆ្នាំ​២០២៤ លើ​ទីលាន​វិមាន​ពហុកីឡដ្ឋានជាតិ ក្នុង​រាជធានី​ភ្នំពេញ។

ដូច្នេះ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​ត្រូវ​ឡើង​ទៅ​ប្រកួត​ពានរង្វាន់ SEA V.League ឆ្នាំ​២០២៥ ជាមួយ​ក្រុម​ថៃ ឥណ្ឌូណេស៊ី និង​ហ្វីលីពីន ដែល​កំពុង​រង់ចាំ ខណៈ​ក្រុម​វៀតណាម មាន​ការ​សម្រេច​ជា​បឋម​ថា​នឹង​ធ្លាក់​មក​លេង​ក្នុង​ពានរង្វាន់ SEA V.League Challenge ឆ្នាំ ២០២៥ ជាមួយ​ម៉ាឡេស៊ី សិង្ហបុរី ឡាវ និង​មីយ៉ាន់ម៉ា៕

Share.