ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងនៅថ្ងៃចន្ទ សប្ដាហ៍នេះថា រដ្ឋាភិបាលយោធារបស់ប្រទេសមីយ៉ាន់ម៉ា នឹងធ្វើជំរឿនប្រជាជនទូទាំងប្រទេស ក្នុងខែតុលា ខាងមុខនេះ ដោយបង្ហាញក្ដីសង្ឃឹមបើកផ្លូវសម្រាប់ការបោះឆ្នោតតាមការសន្យានៅឆ្នាំក្រោយ ថ្វីបើស្ថានភាពជម្លោះនៅក្នុងប្រទេសនៅមិនទាន់ឃើញសញ្ញាថមថយក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤។

ប្រមុខរបបយោធាលោក Min Aung Hlaing បានប្រាប់កិច្ចប្រជុំមួយកាលពីថ្ងៃអាទិត្យ តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា ទិន្នន័យជំរឿនដែលប្រមូលបាននៅចន្លោះថ្ងៃទី ១ ខែតុលា ដល់ថ្ងៃទី១៥ ខែតុលា នឹងត្រូវបានប្រើដើម្បីរៀបចំការបោះឆ្នោតសកលនៅឆ្នាំក្រោយនេះ។

លោក Min Aung Hlaing បាននិយាយដោយឡែកនៅក្នុងសុន្ទរកថា តាមទូរទស្សន៍កាលពីថ្ងៃអាទិត្យថា «ជំរឿនអាចត្រូវបានប្រើប្រាស់ក្នុងការចងក្រងជាបញ្ជីឈ្មោះអ្នកបោះឆ្នោតត្រឹមត្រូវពិតប្រាកដ ដែលជាតម្រូវការជាមូលដ្ឋានសម្រាប់ការបោះឆ្នោតសកលតាមបែបប្រជាធិបតេយ្យសេរីពហុបក្សដោយយុត្តិធម៌»។

ការបោះឆ្នោតដែលបានស្នើឡើងនេះ ទំនងជាមិនត្រូវបានទទួលស្គាល់ដោយប្រទេសលោកខាងលិចនោះទេ ដោយសារតែគណបក្សមួយចំនួនត្រូវបានរំសាយដោយសារមិនចុះឈ្មោះដើម្បីឈរឈ្មោះ ក្នុងនោះរួមទាំងគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ដែលរដ្ឋាភិបាលរបបយោធាបានផ្តួលរំលំផងដែរ។

គួររំលឹកថា ប្រទេសដែលមានប្រជាជនចំនួន ៥៥លាននាក់មួយនេះ បានជួបភាពចលាចលចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១ នៅពេលដែលយោធាបានធ្វើរដ្ឋប្រហារទម្លាក់ម្ចាស់ជ័យលាភីពានរង្វាន់ណូបែល និងមេដឹកនាំគណបក្ស NLD លោកស្រី Aung San Suu Kyi ដោយចោទប្រកាន់ថា លោកស្រីពាក់ព័ន្ធការក្លែងបន្លំសន្លឹកឆ្នោតក្នុងការបោះឆ្នោតដែលខ្លួនបានទទួលជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី។

ចាប់តាំងពីពេលនោះមក អ្នកនយោបាយ​គណបក្ស NLD ជាច្រើននាក់ រួមទាំងលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានចាប់ខ្លួន ខណៈអ្នកដែលបានភៀសខ្លួន បាននិយាយថា ការចោទប្រកាន់របស់របបយោធា អំពីការក្លែងបន្លំលើបញ្ជីឈ្មោះអ្នកបោះឆ្នោត គឺគ្មានមូលដ្ឋាន និងត្រូវបានបំភ្លៃដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃការធ្វើរដ្ឋប្រហាររបស់យោធា៕

ប្រភព៖ CNA

Share.