កណ្តាល៖ កម្លាំងសមត្ថកិច្ចខេត្តកណ្តាល បានឃាត់ខ្លួនចោរស្រីម្នាក់ បន្ទាប់ពីធ្វើសកម្មភាព ចូលលួចម៉ូតូមួយគ្រឿងដែលម្ចាស់ចតទុកនៅមុខផ្ទះ ហើយភ្លេចដកសោចេញ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០៧:៣០នាទី នៅចំណុច ដីឡីត៍ក្នុងរបងផ្ទះជនរងគ្រោះ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យមានឈ្មោះ ប៉ោ រស្មី ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ក្នុងនោះសមត្ថកិច្ចដកហូតម៉ូតូ ០១គ្រឿងម៉ាក Honda SupberCub ពណ៌ខៀវ ផ្លាកលេខ កណ្តាល 1F-1709។ ចំណែកជនរងគ្រោះឈ្មោះ ទិត្យ សុធានី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅភូមិសង្កាត់ កើតហេតុ។
តាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានត្រឡប់មកពីជូនកូនទៅសាលា មកដល់ផ្ទះវិញបានយកម៉ូតូម៉ាក Honda SupberCub ពណ៌ខៀវ ពាក់ផ្លាកលេខ កណ្តាល 1F-1709 មកទុកក្នុងរបងដីឡូត៍មុខផ្ទះរបស់ខ្លួន ដោយមិនបានដកកូនសោចេញពីក្នុងម៉ូតូ រួចក៏ជិះម៉ូតូ ០១គ្រឿងទៀតទៅធ្វើការនៅឯក្រុងភ្នំពេញ។

លុះដល់វេលាកើតហេតុខាងលើ ប្រពន្ធរបស់ជនរងគ្រោះបានតេទូរស័ព្ទប្រាប់ជនរងគ្រោះ ថាម៉ូតូ ០១គ្រឿងខាងលើ ត្រូវបានចោរលួចបាត់ហើយ ភ្លាមៗជនរងគ្រោះបានជិះម៉ូតូត្រឡប់មកផ្ទះវិញ ដើម្បីឆែកកាមេរ៉ាមើល ក៏ឃើញភិនភាគជនសង្ស័យ ភេទស្រី ០១នាក់ បានធ្វើសកម្មភាពចូលលួចម៉ូតូជិះចេញទៅបាត់ បន្ទាប់មកជនរងគ្រោះបានជិះម៉ូតូដើររករហូតដល់សួនច្បារមាត់ទន្លេក្រុងតាខ្មៅ ក៏បានឃើញជនសង្ស័យកំពុងជិះម៉ូតូរបស់ខ្លួន ក៏ឃាត់ទុក និងរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍តាខ្មៅ ឱ្យឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង យកមកសួរនាំនៅប៉ុស្តិ៍ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

ក្រោយឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថា រូបគាត់ពិតជាបានធ្វើសកម្មភាពចូលលួចម៉ូតូរបស់ជនរងគ្រោះម៉ាក Honda SupberCub ពណ៌ខៀវ ប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាន ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
អត្ថបទ៖ កណ្តាល

