ត្បូងឃ្មុំ៖ រថយន្តដឹករាប់សិបគ្រឿងក្នុងមួយថ្ងៃៗ មិនថារថយន្តធំៗ ៤ភ្លៅ និង វ៉េអង៥ភ្លៅ កំពុងមមាញឹកបន្តដឹក ខ្សាច់ គ្រួស ចេញពីដេប៉ូស្តុកខ្សាច់ គ្រួស ចំនួន៦កន្លែង ស្ថិតក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ទៅកាន់ទីផ្សារទាំងយប់ថ្ងៃ ខណៈរថយន្តភាគច្រើនដឹកខ្សាច់ទាំងទឹកហូរស្រក់ នឹងដឹកលើសទម្ងន់ តាមផ្លូវជាតិលេខ៧ លេខ១១បង្កឲ្យបាត់សណ្តាប់ធ្នាប់ ដោយមិនគិតប្រយោជន៍សាធារណៈសោះឡើយ។

ខណៈម្ចាស់ដេប៉ូខ្សាច់បានអះអាងថា បើគ្មានការអនុញ្ញាតិពីមន្ទីរជំនាញសាធារណៈការខេត្តទេ គេមិនហ៊ានប្រើរថយន្តធំៗ ដឹកនោះទេ បើតាមច្បាប់គ្មានអ្នកណារកស៉ីកើត ។ ពលរដ្ឋថា មានរថយន្តដឹកខ្សាច់ហូរស្រក់ទឹកលើផ្លូវជាតិ បណ្តាលឲ្យរអិល រថយន្តខ្លះ គ្មានការវេចខ្ចប់ចងក្រណាត់គ្របកុំឲ្យប៉ើងហុយគ្រាប់ខ្សាច់រំខានដល់អ្នកធ្វើដំណើររាល់ថ្ងៃ ។ គេក៏បានឃើញមានរថយន្តធំៗ ដឹកលើសការអនុញ្ញាតិទៅកាន់ទីផ្សារយ៉ាងគគ្លើន តែគ្មានការទប់ស្កាត់ដដែល ។ ករណីការដឹកយ៉ាងអនាធិបតេយ្យបែបនេះ បណ្តាលឲ្យផ្លូវជាតិ លេខ៧ និងលេខ១១ ទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរស្របពេលរដូវវស្សាផងនោះ។

តាមការឲ្យដឹងពីរដ្ឋបាលឃុំទន្លេបិទថា ដេប៉ូស្តុកខ្សាច់ គ្រួស មានចំនួន៦កន្លែងៈ ១.ឃឹម គន្ធា ២.វង ស្រីនាត ៣.ហៀង វិបុល ៤.ស្រ៊ឺ ហាប់ ៥.កង ម៉ារ៉ែន និងទី៦.ខៀវ សានិត ។ ម្ចាស់អាជីវកម្មទាំង៦នាក់អាជ្ញាធរ និងជំនាញបានណែនាំ និងធ្វើកិច្ចសន្យារួចហើយ ពីការវេចខ្ចប់ កុំឲ្យហុយ កុំឲ្យដឹកទាំងទឹកព្រោះវាហូរស្រក់លើផ្លូវ តែនៅមានការល្មើសដដែល ។ ជាក់ស្តែងការដឹកគ្របខ្លះ មិនគ្របខ្លះ ឃុំនឹងណែនាំបន្តទៀត ដើម្បីជាប្រយោជន៍ដល់សាធារណជនយើង ។

លោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នៅម៉ោង១ និង៤២នាទីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ យើងសុំការបំភ្លឺតាមទូរស័ព្ទ លោកថា ទូរស័ព្ទស្តាប់មិន ហើយក៏បិទតែម្តងទៅ ៕

អត្ថបទ៖អាចារ្យលាក់

